ចាប់ពីថ្ងៃទី០៥ ដល់ទី១១ ខែសីហានេះកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន…សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ដ្រាក់ និងរលកសមុទ្រ…
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី១១ ខែសីហាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន។
តាមរយៈការវិវត្ដ និងប្រែប្រួលជាបន្ដបន្ទាប់នៃស្ថានភាពអាកាសធាតុ គេសង្កេតឃើញថា ប្រទេសកម្ពុជាគឺទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូលសុងនិរតីខ្សោយ។ ហើយស្ថានភាពបែបនេះនឹងបណ្ដាលឲ្យ៖
១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។
ភ្លៀងនឹងបន្ដធ្លាក់ក្នុងកម្រិតបរិមាណកើនឡើងពីតិចទៅច្រើនជាលំដាប់ ហើយទន្ទឹមនឹងវិសាលភាពរីករាយប៉ាយផងដែរ។
២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅច្រើន។
៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ។ ដោយឡែក ចាប់ពីថ្ងៃទី០៥ ដល់ទី០៦ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ខ្លាំងកើតឡើង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ដ្រាក់ និងរលកសមុទ្រដែលនៅបន្ដកើតមាន៕
សូមពិនិត្យសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោម៖

By : Bonny From: Khmerload