ចាប់បានហើយក្រុមដៃស្អិត ជំនាញជិះម៉ូតូធ្វើសកម្មភាពជាច្រើនខណ្ឌ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នគរបាលព្រហ្មទណ្ឌខណ្ឌចំការរមន បានបើកប្រតិបត្តិការបង្ក្រាបក្រុមដៃស្អិត ជំនាញខាងជិះម៉ូតូឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលធ្លាប់ធ្វើសកម្មភាពឆក់ជាច្រើនករណី ហើយឃាត់ខ្លួនបានជនសង្ស័យ8នាក់ និងដកហូតម៉ូតូ4គ្រឿង។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីម៉ោង10និង30នាទីយប់ ថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2020 នៅក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ មុខអគារសន្និបាត C ស្ថិតក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍បន្តថា ដោយមានការចង្អុលបង្ហាញពីលោកអធិការដ្ឋានខណ្ឌចំការមន និងដឹកនាំកម្លាំងដោយលោកអធិការរងទទួលផែនព្រហ្នទណ្ឌ ព្រមទាំងលោកនាយផ្នែកផ្នែកព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញបើកប្រតិបត្តិការស៊ើបអង្គេត និងស្រាវជ្រាវមុខសញ្ញាក្រុមចោរឆក់យ៉ាងសកម្មក្នុងសង្កាត់ទួលទំពូង1 និងទួលទំពូង2 កន្លងមក រួមក៏ឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន8នាក់ ព្រមទាំងដកហូតបានម៉ូតូ4គ្រឿង។

សេចក្តីរាយការណ៍បន្តថា ក្រុមចោរឆក់យ៉ាងសកម្មដែលឃាត់ខ្លួនរួមមាន ១-ឈ្មោះ មាស ចាន់ថន ភេទប្រុស អាយុ17ឆ្នាំ ២-ឈ្មោះឈាង ឫទ្ធី ហៅអាប៊ី ភេទប្រុស អាយុ15ឆ្នាំ ៣-ឈ្មោះ សំណាង ភេទប្រុស អាយុ16ឆ្នាំ ៤-ឈ្មោះម៉េង គីមហុង ភេទប្រុស អាយុ15ឆ្នាំ (ទាំង៤នាក់នេះ ជាក្រុមឆក់យ៉ាងសកម្ម) ៥-ឈ្មោះអ៊ាម ពិសិដ្ឋ ភេទប្រុស អាយុ15ឆ្នាំ ៦-ឈ្មោះឃុត សំរិត អាយុ17ឆ្នាំ ៧-ឈ្មោះមាស ចាន់វិរៈ ភេទប្រុស អាយុ16ឆ្នាំ និង៨-ឈ្មោះលាភ វិសាល ភេទប្រុស អាយុ16ឆ្នាំ (ជាបក្សពួក ) ។

សេចក្តីរាយការណ៍បន្តទៀតថា ចំណែកវត្ថុតាងដែលដកហូតបានមាន ១-ម៉ូតូម៉ាកហុងដា Beat ស៊េរីឆ្នាំ2019 ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ1HY-5651 ទី២- ម៉ូតូម៉ាកហុងដាសង់ ស៊េរីឆ្នាំ2០19 ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ1HX-3844 ទី៣-ម៉ូតូម៉ាកហុងដា scopy ស៊េរីឆ្នាំ2020 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HZ-0851 និងទី៤-ម៉ូតូម៉ាកស៊ុយស៊ុយសុគីនិច ស៊េរីឆ្នាំ2020 ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1HZ-1877។ ម៉ូតូទាំង៤គ្រឿងនេះ ជាមធ្យោបាយដែលក្រុមជនសង្ស័យខាងលើជិះធ្វើសកម្មភាពកន្លងមក។

យោងតាមប្រភពពីកម្លាំងនគរបាលខណ្ឌចំការមនប្រាប់ឱ្យដឹងថា កាលពីម៉ោង២និង១៥នាទីរសៀល ថ្ងៃទី11 កុម្ភៈ កន្លងទៅ ក្រុមជនសង្ស័យខាងលើបានឆក់កាបូបស្ពាយពីជនបរទេស២នាក់សង្សារ នៅចំណុចមុខផ្ទះលេខ5 ផ្លូវ460 ភូមិ4 សង្កាត់ទួលទំពូង1 ខណ្ឌចំការមន ដោយក្រុមជនសង្ស័យមានគ្នា៤នាក់ ក្នុងចំណោមបក្សពួក8នាក់នោះ ដោយជិះម៉ូតូ2គ្រឿង មួយម៉ាកហុងដា Beat និងមួយគ្រឿងទៀតម៉ាកហុងដាសង់ ស៊េរីឆ្នាំ2019 ហើយបានឆក់កាបូបជនបរទេសទាំងពីរនាក់សង្សារនោះបានសម្រច រួចគេចខ្លួនបាត់ស្រមោល។ រហូតដល់ថ្ងៃកើតហេតុខាងលើ ថ្ងៃទី23 ខែឆ្នាំដដែល សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ បានធ្វើការស្រាវជ្រាវ រួចឃាត់ខ្លួនបានជនសង្ស័យ និងបក្សពួកទាំង8នាក់ នាំមកកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីសួរនាំបន្ត។

នៅចំពោះមុខសមត្ថកិច្ច ក្រុមចោរឆក់ទាំងនោះបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសទាំងពីរនាក់នោះនៅសង្សង្កាត់ទួលទំពូង1ពិតមែន និងធ្លាប់ធ្វើសកម្មភាពឆក់ក្នុងទឹកដីខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌទួលគោកជាច្រើនករណីទៀតផង។
បច្ចុប្បន្នក្រុមជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងសាកសួរនាំនៅអធិការដ្ឋានខណ្ឌចំការមន និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ បុប្ផា)








អត្ថបទ៖ https://kohsantepheapdaily.com.kh/