ចាប់បានហើយ យុវជន២នាក់ដែលធ្វើសកម្មភាពប្លន់កាលពីចុងសប្តាហ៍មុន
ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កាលពីម៉ោង៨និង១៥នាទីយប់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅជិតផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលជាប់ពាក់ព័ន្ធនឹងអំពើប្លន់កាលពីចុងសប្ដាហ៍មុន នៅស្រុកបាណន់។ នេះបើយោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច។

លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើនេះ ម្នាក់ឈ្មោះ ស៊ន ឆានុន ហៅលៀន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ជាអ្នកធ្វើសកម្មភាព និងម្នាក់ទៀតឈ្មោះ ឌី សុវណ្ណនេត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឥន្ធជិត ឃុំឈើទាល ស្រុកបាណន់ ជាអ្នកផ្ដល់មធ្យោបាយ (ម៉ូតូ) ជិះប្រព្រឹត្តិបទល្មើស។
លោកនាយការិយាល័យបាននិយាយបន្តថា ក្រុមនេះមានបក្សពួកចំនួន៣នាក់ តែត្រូវកម្លាំងរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាន២នាក់ ខណៈជនសង្ស័យម្នាក់ទៀតកំពុងរត់គេចខ្លួនបាត់។ ហើយក្រុមនេះត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធនឹងអំពើប្លន់យកម៉ូតូ១គ្រឿង កាលពីចុងសប្ដាហ៍មុន នៅឃុំស្នឹង ស្រុកបាណន់។

ជាមួយនឹងការឃាត់ខ្លួននេះ បើតាមលោក ឈឿង គឹមសុង បានឲ្យដឹងថា កម្លាំងរបស់លោកដកហូតម៉ូតូចំនួន២គ្រឿងពីជនសង្ស័យ ដែលជាវត្ថុតាង ដោយមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខបាត់ដំបង 1 AH 3132 ជាម៉ូតូដែលជិះធ្វើសកម្មភាព និង១គ្រឿងទៀតម៉ាកដូចគ្នាស៊េរីឆ្នាំ២០១៩ ដែលជាម៉ូតូរបស់ជនរងគ្រោះ ខណៈដែលពួកចោរក្រុមនេះនេះបានធ្វើសកម្មភាពប្លន់ពីជនរងគ្រោះយកទៅ។
លោកបានបញ្ជាក់ថា ពេលនេះកម្លាំងជំនាញកំពុងសួរនាំជនសង្ស័យទាំង២នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ខណៈកម្លាំងជំនាញកំពុងតាមប្រមាញ់បក្សពួកម្នាក់ទៀត។
គួររំលឹកថា ៖ កាន់តែខ្លាំងដៃ លោកចោរជិះតាមប្លន់ម៉ូតូ១គ្រឿងទាំងព្រឹកទៀតនៅបាណន់ (កែសម្រួលដោយ ៖ បុប្ផា)
ប្រភព៖ https://kohsantepheapdaily.com.kh/