ចិនប្រកាសថ្កោលទោស និងជំរុញឱ្យសហរដ្ឋអាមេរិកលុបចោលការលក់សព្វាវុធទៅឱ្យតៃវ៉ាន់

ប៉េកាំង៖ ប្រទេសចិននៅថ្ងៃពុធបញ្ជាក់ថា ខ្លួនប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសំណើលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់ ដែលមានតម្លៃ ៩៥លានដុល្លារ ហើយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនដកផែនការរបស់ខ្លួនជាបន្ទាន់។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជាន (Zhao Lijian) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការលក់សព្វាវុធរបស់អាមេរិកទៅដល់កោះតៃវ៉ាន់របស់ចិនបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមទាំងបីរវាងចិន-អាមេរិក ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហាកន្លងទៅ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិនយ៉ាងធ្ងន់ធ្ងរ, ធ្វើឱ្យប៉ះពាល់ខ្លាំងដល់ទំនាក់ទំនងចិន-អាមេរិក រួមទាំងទំនាក់ទំនង និងសន្តិភាព ក៏ដូចជាស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

សូមបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ ក្រសួងការបរទេសអាមេរិកបានអនុម័តលើការលក់បរិក្ខារយោធាទំនើបៗទៅឱ្យកោះតៃវ៉ាន់ ក្រោមកិច្ចព្រមព្រៀងមួយមានទំហំទឹកប្រាក់ ៩៥លានដុល្លារ។ កញ្ចប់យោធានេះ រួមបញ្ចូលទាំងការហ្វឹកហ្វឺន, រៀបចំផែនការ, ការដាក់ពង្រាយកម្លាំងធ្វើប្រតិបត្តិការ និងការថែទាំប្រព័ន្ធការពារដែនអាកាសរបស់កោះតៃវ៉ាន់ផងដែរ ខណៈសហរដ្ឋអាមេរិកអះអាងថា គឺដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខរបស់ខ្លួន៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online