ចិនសងសឹកនឹងអាមេរិក ចិនបានបញ្ជាឲ្យបិទស្ថានកុងស៊ុលអាមេរិក នៅទីក្រុងChengdu ស្ថិតនៅប៉ែកនិរតី នៃប្រទេសចិន…

ទីក្រុងប៉េកាំង នៅថ្ងៃសុក្រទី២៤កក្កដា បានបញ្ជាឲ្យបិទស្ថានកុងស៊ុលអាមេរិក នៅទីក្រុងChengdu ជាការសងសឹកនឹងអាមេរិក ដែលបានសម្រេច យ៉ាងតក់ក្រហល់ ឲ្យបិទស្ថានកុងស៊ុលចិន នៅទីក្រុង យូស្តុន Huston នៅរដ្ឋតិចសាស់ កាលពី៣ថ្ងៃមុន។ នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃសុក្រនេះ ក្រសួងការបរទេសចិន ផ្ទុយទៅវិញ មិនបញ្ជាក់ថ្ងៃកំណត់ពិតប្រាកដ ដែលអាមេរិកត្រូវបិទស្ថានកុងស៊ុលរបស់ខ្លួន នៅក្នុងខេត្តChengdu នោះទេ។
វិបត្តិការទូតចិន អាមេរិក បានកើនឡើងមួយកម្រិតទៀត បន្ទាប់ពីក្រសួងការបរទេសចិនបានចេញសេចក្តីប្រកាស នៅថ្ងៃនេះ បញ្ជាឲ្យ អាមេរិកត្រូវតែបិទស្ថានកុងស៊ុលរបស់ខ្លួន នៅទីក្រុងChengdu ស្ថិតនៅប៉ែកនិរតី ប្រទេសចិន។ តាមក្រសួងការបរទេសចិន ការសម្រចិត្ត ទាមទារឲ្យបិទស្ថានកុងស៊ុលអាមេរិក ជាការឆ្លើយតបត្រូវច្បាប់ និងចាំបាច់ ទៅនឹងវិធានការមិនសមហេតុ សមផលរបស់អាមេរិក។
ទីក្រុងប៉េកាំងធ្លាប់បានប្រកាសពីការចាត់វិធានការ សងសឹកនឹងអាមេរិកវិញ នៅបន្ទាប់ពីអាមេរិក កាលពីថ្ងៃអង្គារ បានបញ្ជាឲ្យចិន បិទស្ថានកុងស៊ុលរបស់ខ្លួន នៅទីក្រុង Houston នៅរដ្ឋតិចសាស់ ជាបន្ទាន់ ក្នុងរយៈពេល ៣ថ្ងៃ។ នៅថ្ងៃ ព្រហស្បតិ៍ម្សិលមិញ ប្រមុខការបរទេសអាមេរិក លោក Mike Pompeo បានអះអាងថា ស្ថានកុងស៊ុលចិន នៅទីក្រុងHouston ជាកន្លែង ធ្វើចារកម្មរបស់ចិន និងលួចកម្មសិទ្ធិបញ្ញា នៅទឹកដីអាមេរិក។
អាមេរិកបានបញ្ជាឲ្យបិទស្ថានកុងស៊ុលចិន នៅទីក្រុងHouston បន្ទាប់ពី រដ្ឋអាជ្ញាអាមេរិកប្រកាសចោទប្រកាន់អ្នកស្រាវជ្រាវដើមកំណើតចិនពីរនាក់ ពីបទ លួចព័ត៌មានវិទ្យា សំដៅ ការស្រាវជ្រាវរបស់អាមេរិក ទៅលើវ៉ាក់សាំង ប្រ រឆាំងកូវីដ ១៩។
នៅក្នុងជម្លោះជាមួយចិន ដែលមានតាំងពីពាណិជ្ជកម្ម ការឆ្លងរាតត្បាតជំងឺកូវីដ ១៩ និងចុងក្រោយ គឺការប្រកាសអនុវត្តច្បាប់សន្តិសុខជាតិនៅទីក្រុងហុងកុង ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ ធ្លាប់បានព្រមានរួចហើយថា នឹងអាចបិទស្ថានកុងស៊ុល ចិនផ្សេងទៀត នៅក្នុងទឹកដីអាមេរិក។
ក្រៅតែពីមានស្ថានទូតរបស់ខ្លួន នៅទីក្រុងវ៉ាស៊ីនតោន ចិន មានស្ថានកុងស៊ុលរបស់ខ្លួនចំនួន ៥ នៅទឹកដីអាមេរិក។ បកវិញ អាមេរិកមានស្ថានទូតរបស់ខ្លួន នៅទីក្រុងប៉េកាំង និងស្ថានកុងស៊ុល៥ នៅទឹកដីចិន និងស្ថានកុងស៊ុលដ៏សំខាន់មួយទៀត នៅទីក្រុងហុងកុង។
ថ្វីត្បិតតែ មានរូបរាងតូច មិនសូវសំខាន់ដូចស្ថានកុងស៊ុលនៅទីក្រុងហុងកុង ស្ថានកុងស៊ុលអាមេរិក នៅទីក្រុងChengdu ដែលបង្កើតឡើង នៅឆ្នាំ ១៩៨៥ ធ្លាប់ជាផ្ទាំងស៊ីបពីរលើករបស់អាជ្ញាធប៉េកាំង។ ទី១ ស្ថានកុងអាមេរិក ធ្លាប់ជាកន្លែង ដែល អតីតចៅហ្វាយក្រុងចុងឈីង លោកប៉ៅ ស៊ីឡាយ ដែលជាគូប្រជែងនយោបាយរបស់លោកប្រធានាធិបតី ចិន ស៊ី ជីនពីង បានចូលទៅសុំសិទ្ធិជ្រកកោន។ ទី២ ស្ថានកុងស៊ុលរបស់អាមេរិក ដែលមានបុគ្គលិកធ្វើការ ជាង ២០០នាក់ និងដែលផ្តោតគ្របដណ្តប់លើបញ្ហា នៅតំបន់ស្វយ័ត ទីបេដែរនោះ ត្រូវបានរបាយការណ៍ សម្ងាត់ ដែលបែក លេចធ្លាយ ដោយEdward Snowden លើកឡើងថា ជាកន្លែងស៊ើបការណ៍សម្ងាត់មួយរបស់អាមេរិក នៅទឹកដីចិន៕

By : Bonny From : RFI