ចិនហៅលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកថាជា «អាវុធមហាប្រល័យ»
ចិនបានចាត់ទុករបបលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកថាជា «អាវុធមហាប្រល័យ» សម្រាប់ការជ្រៀតជ្រែកប្រទេសនានាជុំវិញពិភពលោក។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិនកាលពីថ្ងៃសៅរ៍កន្លងទៅ។
ការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានរៀបចំកិច្ចប្រជុំសម្រាប់លទ្ធិប្រជាធិបតេយ្យ ដែលមានការចូលរួមដោយប្រទេសចំនួន ១០០ជុំវិញពិភពលោក ដោយក្នុងនោះដែរ អាមេរិកក៏បានអញ្ជើញតៃវ៉ាន់ឱ្យមកចូលរួមផងដែរ។
បើយោងតាមសេចក្ដីថ្លែងការណ៍សរសេរជាភាសាអង់គ្លេស ដែលមានចំនួនប្រមាណ ១ពាន់ពាក្យ ក្រសួងការបរទេសចិនយល់ឃើញថា ប្រជាធិបតេយ្យរបស់អាមេរិកមិនមែនជាគំរូសម្រាប់ពិភពលោកនោះទេ ហើយបន្តរិះគន់ថា នយោបាយអាមេរិកពោរពេញទៅដោយបញ្ហានានាដូចជា នយោបាយប្រើប្រាស់លុយ នយោបាយបែងចែកគណបក្ស ដែលបង្កឱ្យមានជម្លោះពូជសាសន៍នានាទៀតផង។
លទ្ធិប្រជាធិបតេយ្យគួរតែត្រូវបានជ្រើសរើសដាច់ដោយឡែកគ្នាពីប្រទេសមួយទៅប្រទេសមួយទៀតនៅលើពិភពលោក។ នេះបើតាមការលើកឡើងរបស់ចិន។ ត្រង់ចំណុចនេះដែរ ក្រសួងការបរទេសចិនក៏បានលើកសរសើរពីលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនទៀតផង ដោយចាត់ទុកថា លទ្ធិប្រជាធិបតេយ្យរបស់ចិនជា «ប្រជាធិបតេយ្យរបស់ប្រជាជន»។
បន្ថែមពីនេះទៅទៀត ក្រសួងការបរទេសចិនយល់ថា អាមេរិកប្រើប្រាស់លទ្ធិប្រជាធិបតេយ្យជា «អាវុធមហាប្រល័យ» ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃទៀត ក្រោមរូបភាពជាការដាក់ទណ្ឌកម្មជាឯកតោភាគី និងញុះញង់ឱ្យមានបដិវត្តន៍ពណ៌។ ចិនក៏យល់ឃើញថា អាមេរិកព្យាយាមបែងចែកពិភពលោកទៅជា ២ប្លុករួមមាន «ប្លុកប្រជាធិបតេយ្យ» និង«ប្លុកមិនមែនប្រជាធិបតេយ្យ»។ ដែលបង្កឱ្យមានការបែងចែកពិភពលោក និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង៕