ចិនរក្សាទំនាក់ទំនងល្អជាមួយរុស្ស៊ី ដោយថាការចរចាចាំបាច់ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានសង្កត់ធ្ងន់ពីទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងប៉េកាំងជាមួយរដ្ឋាភិបាលក្រុងមូស្គូ នៅក្នុងសន្និសីទព័ត៌មានមួយកាលពីថ្ងៃចន្ទ គឺនៅរយៈពេលជាងមួយសប្តាហ៍ប៉ុណ្ណោះក្រោយពីរុស្ស៊ីបានចាប់ធ្វើសង្គ្រាមឈ្លានពានចូលប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ CNBC។
លោក Wang បានថ្លែងថា៖ «ទំនាក់ទំនងចិន-រុស្ស៊ី ត្រូវគេឱ្យតម្លៃចំពោះឯករាជ្យភាព។ យើងប្តេជ្ញា [រក្សាទំនាក់ទំនងនេះ] ឱ្យរួចផុតពីការជ្រៀតជ្រែក ឬភាពមិនស្រុះស្រួលគ្នា ដែលជំរុញដោយភាគីទីបី»។
ទូរទស្សន៍ CNBC បានរាយការណ៍បន្ថែមថា លោករដ្ឋមន្ត្រីការបរទេសចិនបាននិយាយយោងទៅរកសេចក្តីថ្លែងការណ៍រួមមួយរវាងចិននិងរុស្ស៊ី អំពី«យុគថ្មីមួយ» នៃទំនាក់ទំនងអន្តរជាតិ ដែលកើតមានឡើងក្រោយជំនួបកំពូលមួយកាលពីដើមខែកុម្ភៈរវាងប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ សេចក្តីថ្លែងការណ៍នោះក៏បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ «មិនមានកម្រិត» ឬ «មិនមានចំណុចហាមឃាត់ឡើយ» ដោយមិនមាននិយាយអំពីអ៊ុយក្រែន៕
ប្រភព÷ VOA