ចុះឃាត់ខ្លួនបុរសម្នាក់ដល់លំនៅដ្ឋាន ក្រោយរកឃើញជាប់ពាក់ព័ន្ធបទល្មើស
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ព្រមទាំងលាក់ទុកអាវុធខុសច្បាប់ កាលពីវេលាម៉ោង៦យប់ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២០ នៅចំណុចលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ។

តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្តបានប្រាប់ថា ជនសង្ស័យម្នាក់ខាងលើឈ្មោះ សាំង សៀម ហៅក្រាញ់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង (រកឃើញមានសារធាតុញៀនក្នុងខ្លួន) ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន១កញ្ចប់ សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងកាំភ្លើងកែច្នៃចំនួន២ដើម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូននទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/