ចុះបង្ក្រាបមុខសញ្ញាយ៉ាងសកម្ម១២នាក់
ខេត្តកំពង់ចាម ៖ ក្នុងប្រតិបត្ដិការបង្ក្រាបគ្រឿងញៀនក្រោមកិច្ចសហការរវាងនគរបាលខេត្តកំពង់ចាមនិងត្បូងឃ្មុំនៅថ្ងៃទី៨ មករា ឆ្នាំ២០២០ ដោយឃាត់ខ្លួនបានមុខសញ្ញាជាបន្តបន្ទាប់ចំនួន១២នាក់ដកហូតបានថ្នាំញៀន២កញ្ចប់ធំ និងវត្ថុតាងមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តបានឲ្យដឹងថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដំបូងបានតាមចាប់មុខសញ្ញាចំនួន៣នាក់នៅក្នុងក្រុងកំពង់ចាម ដោយប្រើវិធានញុះញង់ដកហូតបានថ្នាំញៀនមួយកញ្ចប់។រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តសួរនាំបានឆ្លើយសារភាព។
លោកស្នងការនគរបាលខេត្តបានបន្តថា ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានសហការជាមួយជំនាញស្រុកកំពង់ សៀម ជំនាញស្រុកត្បូងឃ្មុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន១២ ព្រមទាំងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន៣កញ្ចប់, ម្សៅពណ៌សចំនួន២កញ្ចប់ធំ, ទូរស័ព្ទដៃចំនួន១៩គ្រឿង, ម៉ូតូចំនួន៧គ្រឿង, សំណាកថង់ថ្នាំញៀនមួយចំនួនធំ(ដែលជនសង្ស័យហែកចាក់ចូលក្នុងចានបង្គន់), ឯកសណ្ឋានកងរាជអាវុធហត្ថចំនួន២អាវ, មួកចំនួន២, ស្លាកលេខម៉ូតូចំនួន១បន្ទះ, ទុយោបឺត ឧបករណ៍សេព និងថង់វេចខ្ចប់មួយចំនួន។
លោកស្នងការនគរបាលខេត្តបានបញ្ជាក់ថា រហូតដល់ថ្ងៃទី ៩ មករា ឆ្នាំ២០២០ ជនសង្ស័យទាំង១២នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់វិធានការតាមច្បាប់។ ជាមួយនោះ លោកក៏បានចាត់ឲ្យកម្លាំងការិយាល័យជំនាញស្រាវជ្រាវបង្ក្រាបមុខសញ្ញាមួយចំនួនទៀត៕
ប្រភព៖ https://kohsantepheapdaily.com.kh/