ចុះបង្ក្រាប២កន្លែងផ្សេងគ្នា រកឃើញជាង៩គីឡូក្រាម
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងការិល័យជំនាញទី៤នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេ នីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង៤និង៣០នាទីរសៀលបានចុះសហការជាមួយនគរបាលមូលដ្ខានរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសង្កេតស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀនដោយខុសច្បាប់ចំនួន២កន្លែង និងចាប់ខ្លួនមនុស្សចំនួន២នាក់ ព្រមទាំងដកហូតថ្នាំញៀនបានជាង៩គីឡូក្រាម ។
តាមសេចក្តីរាយការណ៍បន្តថា បង្ក្រាបចំណុចទី១-នៅផ្ទះគ្មានលេខ ផ្លូវទំនប់កប់ស្រូវ ភូមិ សំរោងក្រោម សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងចំណុចទី២-នៅភូមិជ្រាវ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គឹម វ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកង់បីឥណ្ឌា និងម្នាក់ទៀតឈ្មោះ កែវ សុធា ភេទប្រុស មុខរបរមិនពិតប្រាកដ ។
ចំណែកវត្ថុតាងចាប់យករួមមាន សារធាតុញៀនមេតំហ្វេតាមីន(ICE) ទម្ងន់សរុបជាង៩គីឡូក្រាម រថយន្ត២គ្រឿង ជញ្ជីងថ្លឹង២គ្រឿង និងទូរស័ព្ទ២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ នឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង តាមនីតិវិធី ៕
ប្រភព៖ https://kohsantepheapdaily.com.kh/