ចុះឡោមព័ទ្ធទីតាំងលួចលាក់មួយកន្លែង រកឃើញជាង៥០០ក្បាល
ខេត្តកំពង់ធំ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ដោយមានការសម្របសម្រួលពីលោកសាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ និងមានការចូលរួមពីមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត កងរាជអាវុធហត្ថខេត្ត មន្ត្រីប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរមូលដ្ឋានបានចុះឡោមព័ទ្ធទីតាំងលួចលាក់ជួញដូរសត្វព្រៃដុះស្លែមួយកន្លែងជារបស់បុរសឈ្មោះ ចេង ថែន និងឆែកឆេរកឃើញសត្វព្រៃចម្រុះចំនួន៥២៦ក្បាល ស្ថិតនៅក្នុងភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ។

សមត្ថកិច្ចដែលចុះបង្ក្រាបសត្វព្រៃបានបញ្ជាក់ថា មុនឈានដល់ការបង្ក្រាបទីតាំងខាងលើ គឺសមត្ថកិច្ចបានបើកការស៊ើបអង្កេតជាយូរមកហើយ នៅមុនមួយថ្ងៃ គឺសមត្ថកិច្ចបានឡោមព័ទ្ធទីតាំងខាងលើនោះ ដោយខ្លាចមានការលួចរំដោះដឹកជញ្ជូនសត្វព្រៃចេញ ។

តាមប្រភពដដែលបានបន្តថា លុះនៅព្រឹកថ្ងៃទី៩ ខែមករា ក៏មានការឯកភាពចុះឆែកឆេរ និងបានប្រទះឃើញមានសត្វព្រៃជាច្រើនក្បាល តែម្ចាស់ទីតាំងពុំនៅនោះទេ ហើយសមត្ថកិច្ចបានព្យាយាមទំនាក់ទំនងម្ចាស់ទីតាំង តែត្រូវបានគេប្រាប់ថា ម្ចាស់ទីតាំងបានយកកូនទៅមន្ទីរពេទ្យឯខេត្តសៀមរាបបាត់ហើយ ។ ម្ចាស់ទីតាំងខាងលើត្រូវបានគេស្គាល់ឈ្មោះ ចេង ថែន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពដដែលបានបន្តថា ជាលទ្ធផលក្នុងការដឹកនាំកម្លាំងចុះបង្ក្រាប គឺសមត្ថកិច្ចរឹបអូសបានសត្វប្រវឹកចំនួន៤៦៦ក្បាល, សត្វស្វាចំនួន៥៥ក្បាល, សត្វពស់ចាន់ល្មមចំនួន២ក្បាល, សំពោចក្រអូបចំនួន៣ក្បាល ។ សត្វទាំងនេះត្រូវបានសមត្ថកិច្ចជួយសង្គ្រោះដើម្បីយកទៅឱ្យរស់នៅតាមបែបធម្មជាតិវិញ ។

ក្រោយពេលកើតហេតុ ម្ចាស់ទីតាំងដែលបានរត់គេចខ្លួន នឹងត្រូវសមត្ថកិច្ចកសាងសំណុំរឿងចោទប្រកាន់ពីការជួញដូរសត្វព្រៃដោយខុសច្បាប់ទៅតុលាការខេត្តដើម្បីចាត់ការតាមនីតិវិធី ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព៕ (កែសម្រួលដោយ ៖ ធីតា)



ប្រភព៖ https://kohsantepheapdaily.com.kh/