ចេញតកន្ទុយគ្នា! ទូរសព្ទ 5G ប្រើឈីប Snapdragon 865 តម្លៃមហាធូរ
កាលពីម្សិលមិញ realme បានប្រកាសចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលជាប្រភេទស្មាតហ្វូន 5G លំដាប់ថវិកា មានតម្លៃចាប់ពីប្រមាណ ៦៥០ ដុល្លារនៅទីផ្សារអឺរ៉ុប។ នៅថ្ងៃនេះដល់វេន vivo វិញម្ដង គឺដែលបានប្រកាសចេញស្មាតហ្វូន 5G មានតម្លៃប្រមាណ ៥១៥ ដុល្លារ នៅទីផ្សារប្រទេសឥណ្ឌា។
realme X50 Pro មានបំពាក់ដោយអេក្រង់ទំហំ ៦,៤៤ អ៊ីញ ជាប្រភេទ Super AMOLED អាចបង្ហាញរូបក្នុងកម្រិត FullHD+ និងមាន Refresh Rate 90Hz ការពារដោយផ្ទាំងកញ្ចក់ Gorilla Glass 5។ នៅក្រោមអេក្រង់ក៏មានទ្រនាប់ស្កេន ដែល realme អះអាងថាអាចស្កេនម្រាមដៃក្នុងពេលត្រឹម ០,២៧ វិនាទី។
បន្ទះឈីប Snapdragon 865 គឺភ្ជាប់ជាមួយ Modem 5G ដែលមានជម្រើស RAM LPDDR5 ទំហំដល់ ១២GB (ក៏មានជម្រើសទំហំ ៦GB និង ៨GB) ផងដែរ។ ចំពោះអង្គផ្ទុកវិញគឺមានជម្រើស ១២៨GB និង ២៥៦GB ដែលប្រើបច្ចេកវិទ្យា UFS 3.0។
X50 Pro មានកាមេរ៉ាបួននៅផ្នែកខាងក្រោយ ដែលកាមេរ៉ាមេមានកម្រិត ៦៤MP ជា Sensor Samsung ISOCELL GW1 មាន Aperture f/1.8។ វាអាចផលិតរូបភាពបានទំហំ ១៦MP ដោយប្រើប្រាស់វិធីសាស្ត្រ 4-to-1 pixel binning។
កាមេរ៉ាមេនេះ មានអមដោយកាមេរ៉ា Ultra-Wide ទំហំ ៨MP Aperture f/2.3 អាចថតរូបទំហំ ១១៩ ដឺក្រេ និងកាមេរ៉ា Telephoto កម្រិត ១២MP អាច Zoom បានពីរដង ដែលមាន Aperture f/2.5។ ចុងក្រោយគឺកាមេរ៉ាសម្រាប់វាស់ជម្រៅ។ នៅផ្នែកខាងមុខវិញគឺមានបំពាក់កាមេរ៉ាភ្លោះ ដែលមានកាមេរ៉ាកម្រិត ៣២MP អមដោយកាមេរ៉ា Ultrawide កម្រិត ៨MP។

ស្មាតហ្វូននេះក៏មានសមត្ថភាពសាកថ្មលឿនកម្លាំង ៦៥ វ៉ាត់ ដែលអាចសាកថ្មទំហំ ៤២០០ mAh របស់វា ក្នុងពេលត្រឹម ៣៥ នាទី ខណៈដែលការសាក ២០ នាទីគឺបានថ្ម ៦០%។ មុខងារដទៃទៀតមានដូចជាប្រព័ន្ធសំឡេងស្ទេរីអូ និងមានប្រព័ន្ធបញ្ចុះកម្ដៅសម្រាប់រក្សាសីតុណ្ហភាពឲ្យត្រជាក់ពេលលេងហ្គេមយូរ។
សម្រាប់ប្រភេទ ៨GB+១២៨GB គឺមានតម្លៃប្រមាណ ៦៥០ ដុល្លារ, ប្រភេទ ៨GB+២៥៦GB មានតម្លៃប្រមាណ ៧២៦ ដុល្លារ ហើយប្រភេទកប់ជាងគេគឺ ១២GB+២៥៦GB មានតម្លៃប្រមាណ ៧៩១ ដុល្លារ។
vivo iQOO 3 5G

vivo មួយគ្រឿងនេះមានបំពាក់អេក្រង់ Super AMOLED ទំហំ ៦,៤៤ អ៊ីញ អាចបង្ហាញរូបក្នុងកម្រិត FullHD+ ដែលមានបង្កប់ទ្រនាប់ស្កេនម្រាមដៃក្រោមអេក្រង់ និងមានកាមេរ៉ាទំហំ ១៦MP ចោះបំពាក់លើអេក្រង់។

កាមេរ៉ាបួនគ្រាប់ខាងក្រោយគឺមានផ្គុំដោយកាមេរ៉ាមេទំហំ ៤៨MP មាន Aperture f/1.8 គួបផ្សំនឹងកាមេរ៉ា Telephoto ទំហំ ១៣MP មាន Aperture f/2.46, កាមេរ៉ា Ultrawide កម្រិត ១៣MP មាន Aperture f/2.2 និងកាមេរ៉ាវាស់ជម្រៅកម្រិត ២MP។
វាមានសមត្ថភាពសាកថ្មឆាប់ពេញកម្លាំង ៥៥ វ៉ាត់ ដែលក្រុមហ៊ុនអះអាងថាត្រឹមតែ ១៥ នាទី អាចសាកថ្មទំហំ ៤៤៤០ mAh របស់វា បានពាក់កណ្ដាល (ពី ០-៥០%)។ ស្មាតហ្វូននេះក៏មានប៊ូតុងពិសេសចំនួនពីរឈ្មោះ Monster Touch ដែលនៅពេលចុចវាទាំងពីរជាប់នឹងដំណើរការមុខងារ Monster Mode ដែលប្រើបន្ទះឈីប Snapdragon 865 ឲ្យអស់ពីសមត្ថភាព ១០០% សម្រាប់ការលេងហ្គេមដោយគ្មានភាពរអាក់រអួល។

vivo iQOO 3 5G គឺមាន RAM ទំហំ ១២GB និងមានអង្គផ្ទុក ២៥៦ GB ដែលដាក់លក់នៅឥណ្ឌាក្នុងតម្លៃប្រមាណ ៦២៥ ដុល្លារ ដាក់លក់ចប់ពីថ្ងៃទី ៤ ខែមីនា៕
ប្រភព៖ GSMarena ប្រែសម្រួល៖ http://news.sabay.com.kh/