ចេញពីក្លិបសប្បាយ មកវិញក្លាយជាទុក្ខតាមផ្លូវ
រាជធានីភ្នំពេញ ៖ យុវជន២នាក់ទើបជិះម៉ូតូមួយគ្រឿងចេញពីក្លិបក្នុងគោលបំណងធ្វើដំណើរទៅផ្ទះ ស្រាប់តែត្រូវក្រុមជនសង្ស័យប្រមាណជាង១០នាក់ ធ្វើសកម្មភាពដេញវាយ សង្ស័យក្នុងគោលបំណងចង់ប្លន់យកម៉ូតូ តែមិនបានសម្រេច ដោយសារជនរងគ្រោះភ័យពេកក៏ផ្តួលម៉ូតូចោល រួចដកកូនសោរត់គេច និងស្រែកផ្អើលឆោឡោដល់ពលរដ្ឋនាំគ្នាចេញមកជួយ ជាហេតុធ្វើឱ្យក្រុមជនសង្ស័យផ្អើលនាំគ្នារត់គេចខ្លួនបាត់អស់ ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវ១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មាននៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះទាំង២នាក់ខាងលើមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនសេ១២៥ ស៊េរីឆ្នាំ២០០៩ ឡើងតែម២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១X-៩៤៤៧ ជិះឌុបគ្នាចេញពីក្លិបហ្គោលឡាញ ផ្លូវ១៩៨៦ ឡើងទៅផ្លូវ១០១១ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខក្រុមជនសង្ស័យប្រមាណជាង១០នាក់ ប្រដាប់ដោយខ្សែក្រវាត់ និងដំបងស្ទាក់វាយ ពេលនោះជនរងគ្រោះភ័យពេកក៏ផ្តួលម៉ូតូ រួចដកកូនសោរត់គេច និងស្រែកផ្អើលឆោឡោដល់ប្រជាពលរដ្ឋចេញមកជួយ ធ្វើឱ្យក្រុមជនសង្ស័យរត់គេចទៅបាត់អស់ ប៉ុន្តែម៉ូតូរបស់ជនរងគ្រោះបានរងការខូចខាត ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា រូបភាពហិង្សាខាងលើនេះកើតឡើងសឹងរាល់យប់ កាលបើឱកាសល្អសម្រាប់ក្រុមជនសង្ស័យទាំងនោះនឹងលើកយកម៉ូតូជិះគេចខ្លួនបាត់តែម្តង ។ ពាក់ព័ន្ធនឹងករណីខាងលើ សំណាងល្អហើយដែលជនរងគ្រោះដកកូនសោម៉ូតូរួចរត់គេច ប្រសិនមិនដកកូនសោចេញទេ ច្បាស់ជាម៉ូតូធ្លាក់ដល់ដៃក្រុមជនសង្ស័យទាំងនោះជាមិនខាន ៕
ប្រភព៖ https://kohsantepheapdaily.com.kh/