ចេញសង្វារមានមូលហេតុច្រើនយ៉ាង មិនមែនមកពីមានផ្ទៃពោះមួយមុខទេ
យើងធ្លាប់តែឮញឹកញាប់ សង្វារកើតមាននៅពេលពេលពពោះ តែតាមពិតទៅមានមូលហេតុជាច្រើននាំឲ្យស្បែកយើងលេចចេញសង្វារ មិនមែនមកពីការពពោះមួយមុខនោះទេ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
១. មានផ្ទៃពោះ÷ ស្នាមសង្វារ ជាការដាច់រហែកតូចៗនៅក្នុងស្រទាប់ជាលិកាក្រោមស្បែក ភាគច្រើនកើតឡើងចាប់ពីត្រីមាសទី២នៃការពពោះ ដែលជាពេលស្ត្រីឡើងទម្ងន់ខ្លាំង។ សង្វារអាចមានពណ៌ផ្កាឈូក ក្រហម ឬស្វាយ។
២. ធាត់÷ ពេលរាងកាយយើងរីកធំធាត់លឿនពេក ធ្វើឲ្យស្បែករីក ឯជាតិសរសៃស្វិតនៅក្រោមស្បែកក៏រហែក លេចចេញជាស្នាមសង្វារនេះឡើង។ ស្នាមសង្វារភាគច្រើនមាននៅលើក្បាលពោះ និងសុដន់ ព្រមទាំងនៅតំបន់ណារីកធំលឿន ដូចជា កំភួនជើង ឬភ្លៅជាដើម។
៣. លាបឡេ÷ ក្នុងគ្រឿងសម្អាង ពិសេសម្សៅ ឬឡេលាយ តែមានដាក់សារធាតុស្តេរ៉យ ដែលជួយឲ្យស្បែកសស្អាត ក្នុងពេលឆាប់រហ័ស។ ពេលដែលឈប់ប្រើ ឬប្រែយូរទៅ ស្បែកមុខ ឬដងខ្លួនក៏មានបញ្ហាដូចជាឡើងមុនច្រើន ជាំ មុខឡើងសរសៃក្រហម រលាកស្បែកនៅជុំវិញមាត់ជាដើម។ ចំពោះដងខ្លួន ដៃជើង ដែលមានផ្ទៃធំវិញ អាចទៅជាបែកសង្វារ។
៤. ប្រើថ្នាំ÷ ការព្យាបាលដោយថ្នាំបំបាត់ការឈឺចាប់ ឬរលាកពពួកស្តេរ៉យ រយៈពេលយូរ ក៏ជាមូលហេតុនាំឲ្យកើតសង្វារដែរ ដោយសារថ្នាំទាំងនោះធ្វើឲ្យស្បែកបាត់បង់សមត្ថភាពក្នុងការបន្តឹងស្បែក៕
ប្រភព÷ Hellokrupet