ចោររត់បាតជើងសព្រាតទាំងព្រលឹងចុងសក់ ពេលឃើញបុរសម្ចាស់ផ្ទះ(វីដេអូ)
ខេត្តប៉ៃលិន ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ចោរម្នាក់រត់គេចខ្លួនបាតជើងសព្រាតទាំងព្រលឹងចុងសក់ ខណៈជិះម៉ូតូចូលទៅលួចឥវ៉ាន់ក្នុងផ្ទះអ្នកភូមិម្នាក់ ស្របពេលដែលម្ចាស់ភ្ញាក់ពីដេក ក៏ឃើញសកម្មភាពកំពុងដើររុករករបស់របរក្នុងផ្ទះ ក៏ស្ទុះទៅចាប់ លុះចោរក្រឡេកឃើញទាន់ ក៏ឱនខ្លួនគេចប្រាសរត់យករួចខ្លួន ហើយម្ចាស់ផ្ទះបានស្រែកឱ្យអ្នកភូមិជួយដេញតាមយ៉ាងប្រផាប់ចាប់ព្រភីងតែម្តង ។
សេចក្តីរាយការណ៍បន្តថា ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៣និង៣៦នាទីទៀបភ្លឺ នៅចំណុចផ្ទះ១ខ្នង ទើបនឹងសាងសង់ថ្មី ស្ថិតក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពពីនគរបាលបានឱ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវចោរចូលក្នុងផ្ទះបម្រុងលួចនោះមាន ឈ្មោះ ជា ណាត ភេទប្រុស អាយុ៥៣ឆ្នាំ ជាកសិករ រស់នៅភូមិកើតហេតុខាងលើ ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានអាយុប្រហែល២៥ឆ្នាំ រត់គេចខ្លួនបាត់ បន្សល់ទុកតែម៉ូតូ១គ្រឿង ម៉ាកឌ្រីម ពណ៌ខ្មៅ បិទតែមស៊េរី២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1K-8850 ។
បើតាមប្រភពពីម្ចាស់ផ្ទះរងគ្រោះ បានរៀបរាប់ឱ្យដឹងថា លោកបានប្តូរទីតាំងផ្ទះរបស់ខ្លួន ដែលធ្លាប់រស់នៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ទៅសាងសង់ផ្ទះនៅកន្លែងផ្សេងត្រង់ចំណុចកើតហេតុខាងលើ ។ ផ្ទះថ្មីនេះ មិនទាន់សាងសង់រួចរាល់នៅឡើយទេ ដោយមានតែទ្វារខាងមុខសម្រាប់បិទផ្ទប់បណ្តោះអាសន្នប៉ុណ្ណោះ ។ ចំណែកទ្វារខាងក្រោយ គឺនៅចំហរ លុះដល់ម៉ោង៣ទាបភ្លឺ បន្ទាប់ពីគាត់ងើបបត់ជើងតូចរួច ក៏ឡើងទៅលើគ្រែសម្ងំដេកវិញ តែអត់ទាន់លង់លក់នោះឡើយ ។
លោកបន្តទៀតថា ពេលនោះស្រាប់តែឃើញមានយុវជនម្នាក់ដើរចុះឡើងៗក្បែរកន្លែងលោកដេក ដោយស្មានថា ជាមិត្តភក្តិកូនរបស់ខ្លួន ក៏ចាំមើលបន្តទៀត លុះដឹងថា ជាចោរ ក៏ស្ទុះចេញពីមុង ដើម្បីសង្គ្រុបចាប់ ។ តែពេលនោះចោរឃើញគាត់ ក៏ឱនខ្លួនចុះ រួចស្ទុះចេញទៅក្រៅតែម្តង ហើយលោកក៏រត់ដេញតាមពីក្រោយ និងស្រែកឱ្យប្រជាពលរដ្ឋក្នុងភូមិជួយដេញតាមដែរ ។ ប៉ុន្តែដោយសារខ្លួនរត់ដេញអត់ស្បែកជើង ហើយឈឺជើងផងនោះ ក៏ឈប់ដេញតាម រួចប្តឹងនគរបាលឱ្យចុះទៅត្រួតពិនិត្យទាំងយប់ទៀបភ្លឺតែម្តង ។
លោកបន្តទៀតថា ពេលនេះ កំពុងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលប៉ៃលិន ដើម្បីឱ្យស្រាវជ្រាវតាមចាប់ជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកម៉ូតូបានប្រគល់ឱ្យនគរបាលប៉ុស្តិ៍រក្សាទុក ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/