ច្បាប់ស្តីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានប្រកាសឱ្យប្រើប្រាស់

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្ថលេខា ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូងហើយ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ក្រោយពីឆ្លងការពិនិត្យរួចរាល់ពីរដ្ឋសភា និងព្រឹទ្ធសភា។

ការប្រកាសឱ្យប្រើប្រាស់នូវច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង គឺជាការបើកផ្លូវ ដើម្បីឱ្យកម្ពុជា និងកូរ៉េខាងត្បូង អាចអនុវត្តន៍ដោយពេញលេញនូវការធ្វើពាណិជ្ជកម្មសេរីរវាងគ្នា។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានក្រុមការងារជំនាញនៃប្រទេសទាំងពីរ បានពិភាក្សា និងតាក់តែងឡើងកាលពីឆ្នាំ២០២១។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃកម្ពុជា និងលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

កិច្ចព្រមព្រៀងនេះ នឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារឡើងវិញនូវសេដ្ឋកិច្ច របស់ប្រទេសទាំងពីរបានឆាប់រហ័ស ដែលទទួលរងផលប៉ះពាល់ជំងឺកូវីដ-១៩ ដោយនឹងពង្រីកបន្ថែមការធ្វើសេរីភាវូបនីយកម្មទីផ្សារ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

កិច្ចព្រមព្រៀងនេះ នឹងរួមចំណែកជំរុញការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្ម ជាដើម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ។

សូមបញ្ជាក់ថា ក្រៅតែពីធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េហើយនោះ កម្ពុជា ក៏បានធ្វើពាណិជ្ជកម្មសេរីជាមួយចិន និងជាមួយដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ផងដែរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងដៃគូ RCEP បានចូលជាធរមានរួចហើយផងដែរ។

សម្តេចតេជោ ធ្លាប់បានចាត់ទុកការបង្កើតឱ្យមានពាណិជ្ជកម្មសេរីទាំងនេះ ជាការជួយឱ្យដង្ហើមសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរឡើង ហើយពង្រីកទីផ្សារផលិតផលរបស់កម្ពុជាបានកាន់តែធំផងដែរ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online