ឆបោកជំរិតទារប្រាក់ ថ្ងៃក្រោយកុំចេះតែហ៊ាន
ខេត្តកំពង់ធំ ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តលោក ដួង សារ៉ន និងសហការជាមួយសមត្ថកិច្ចខេត្ត បានធ្វើការស្រាវជ្រាវបង្ក្រាបករណីជំរិតទារប្រាក់ពីជនរងគ្រោះឈ្មោះ ប៉ែន សាវី ភេទស្រី អាយុ៦៨ឆ្នាំ នៅភូមិចំការចេកជេីង
ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅតំបន់រោងជប៉ុន ក្នុងឃំុសុចិត្រ ព្រំប្រទល់រវាងខេត្តកំពង់ធំ និងខេត្ត ក្រចេះ ។
តាមបុរសឈ្មោះ បុិច សុីវ អាយុ៤៦ឆ្នាំ ត្រូវជាកូនប្រសារបស់ជនរងគ្រោះរៀបរាប់ថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១២និង៤០នាទី មានលេខទូរស័ព្ទ ០៦៧៩៣៦ ៧០៨ បានហៅមកទូរស័ព្ទរបស់គាត់លេខ ០១២ ២១៧ ៣៣០ ហើយនិយាយថា«ម្តាយរបស់បងខ្ចីម៉ូតូរបស់ខ្ញុំជិះទៅបុកកូនអ្នកធំ ហើយខាងជនរងគ្រោះទារសំណងចំនួន១៧.០០០ដុល្លារ បេីមិនបានទេគាត់មិនមានជីវិតទៅផ្ទះវិញទេ ហេីយហាមប្រាប់សមត្ថកិច្ច» ។
ដោយសារទូរស័ព្ទខាងលើចេះតែហៅចូលមកទាមទារឲ្យវេរលុយឲ្យគេញយដងពេក ធ្វើឲ្យរូបគាត់ជាកូនប្រសាមិនដឹងរកលុយឯណាបានច្រើនម្លុឹងៗនោះ ក៏ចេះតែពន្យារពេលដោយប្រាប់ថាលុយខ្ចីធនាគារមិនទាន់បាន ។ លុះមកដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ គាត់បានទូរស័ព្ទប្រាប់ទៅខាងលេខទូរស័ព្ទនោះថា លុយខ្ចីគេបានតែ២.០០០ដុល្លារទេ ឱ្យប្រពន្ធទៅយកហេីយតែប្តីប្រពន្ធគេឈ្លោះគ្នា ពេលនេះខ្ញុំវេរឱ្យបង១០០ដុល្លារទិញអីហូបសិនទៅ ចាំស្អែកខ្ញុំវេរឱ្យទាំងអស់ ។
រហូតដល់ម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៦ខែមករា ឆ្នាំ២០២០ ជនឈ្មោះ វេង យន ភេទប្រុស អាយុ៥២ឆ្នាំ បានមកដកលុយនៅផ្ទះវេរលុយវីង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។ ការឈានដល់ការចាប់ខ្លួនជនបោកប្រាស់ជំរិតទារលុយនេះ មិនមែនកើតឡើងដោយការចៃដន្យនោះឡើយ តែពិតជាត្រូវបានរៀបចំដើម្បីចាប់ខ្លួនជនល្មើស ទើបទីបំផុតជនល្មើសបានដើរចូលអន្ទាក់សមត្ថកិច្ចនេះ ។ ជនសង្ស័យ ត្រូវបានចងក្រងសំណុំរឿងតាមនិតិវិធី បញ្ជូនទៅសាលា ដំបូងខេត្តដេីម្បីចាត់ការបន្ត ៕

ប្រភព៖ https://kohsantepheapdaily.com.kh/