ឆ្នាំនេះ! សាំងកាពួរជាប្រធានក្រុមសមយុទ្ធយោធាជើងទឹកធំបំផុតក្នុងពិភពលោក

យោងតាមការចុះផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ របស់កាសែត The Straits Times បានអោយដឹងថា នៅឆ្នាំនេះ ទ័ពជើងទឹករបស់សាំងកាពួរនឹងធ្វើជាប្រធានក្រុមក្នុងសមយុទ្ធទ័ពជើងទឹកដ៏ធំបំផុតក្នុងពិភពលោក ដែលគេហៅថា “RIMPAC” ។ បើតាមប្រភពដដែល សមយុទ្ធនេះនឹងត្រូវធ្វើឡើងរយៈពេល ២សប្ដាហ៍ដោយចាប់ផ្ដើមនៅអាទិត្យក្រោយនេះ គឺពីថ្ងៃទី១៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។

“RIMPAC” គឺជាសមយុទ្ធយោធាជើងទឹកសម្រាប់ប្រទេសនៅប្របមាត់មហាសមុទ្រប៉ាស៊ីហ្វិច (Rim of the Pacific) ដែលរៀបចំរៀងរាល់ ២ឆ្នាំម្ដងដោយអាមេរិក ដែលមានការអញ្ជើញទ័ពជើងទឹកពីប្រទេសចំនួន ២៥អោយចូលរួម។ (ក្នុងចំណោមសមាជិកអាស៊ានទាំង១០ មានទ័ពជើងទឹករបស់ប្រទេសចំនួន ៧ត្រូវបានអញ្ជើញអោយចូលរួមសមយុទ្ធនេះ លើកលែងតែកម្ពុជា ឡាវ និងភូមា)។

ការដើរតួនាទីជាប្រធានក្រុមរបស់ទ័ពជើងទឹកសាំងកាពួរនៅក្នុងសមយុទ្ធយោធាដ៏ធំបំផុតរបស់ពិភពលោកមួយនេះ វាបានឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់សាំងកាពួរក្នុងតំបន់ និងឥទ្ធិពលនៃកម្លាំងទ័ពរបស់ប្រទេសដីកោះដ៏តូចមួយនេះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល សាំងកាពួរគឺជាប្រទេសដែលបានចំណាយប្រចាំឆ្នាំលើកងទ័ពច្រើនជាងគេបំផុត គឺប្រមាណ ១០ពាន់លានដុល្លា (ចាយច្រើនជាងទ័ពកម្ពុជា ២០ដង) ដោយបាននាំមុខទាំងប្រទេសធំៗដូចយ៉ាងឥណ្ឌូនេស៊ី ថៃ និងវៀតណាមទៀតផង ហើយអ្នកជំនាញវាយតម្លៃថា សាំងកាពួរ គឺជាប្រទេសដែលមានទ័ពជើងទឹក និងទ័ពជើងអាកាសខ្លាំងជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។