ឆ្មាដាវត្រូវបានរកឃើញកំពុងរស់នៅតាមតំបន់ការពារធម្មជាតិកម្ពុជា
ឆ្មាដាវ មានឈ្មោះអង់គ្លេស៖ Leopard Cat និងឈ្មោះវិទ្យាសាស្រ្ត៖ Prionailurus begalensis។ ឆ្មាដាវមានសម្បុរលឿង-ត្នោត លាយជាមួយរោមអុចៗពណ៌ពណ៌ខ្មៅ និងមានឆ្នូត៥-៦ សម្បុរត្នោតចាស់ចាប់ផ្តើមចេញពីលើក្បាល និងផ្នែកខាងក្រោយរហូតដល់ស្មា។
សត្វប្រភេទនេះរស់នៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ ព្រមទាំងព្រៃដាំ។អាហាររបស់វាមាន បក្សី សត្វកកេរ ត្រកួត អន្សង ក្តាន់ញ៉ែជាដើម។ វាអាចចាប់ចំណីបានដោយសារការលោតចុះសង្គ្រប់ពីលើដើមឈើទៅលើចំណីរបស់វា។
វាជាសត្វពូកែហែលទឹកណាស់។ វាអាចបន្តពូជបានពេញមួយឆ្នាំ មានរយៈពេលពពោះពី៦៥ថ្ងៃ-៧២ថ្ងៃ និងអាចកូនម្តងបានពី១ទៅ៤ក្បាល។
ឆ្មាដាវស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរ និងមានចុះបញ្ជីក្រហមIUCN ថាជាប្រភេទរងគ្រោះតិចតួច៕