ឆ្លងចរន្តអគ្គីសនីឆាបឆេះផ្ទះលក់ធុងបាស មួយកន្លែងអស់ទាំងស្រុង នៅខណ្ឌបឹងកេងកង

(ភ្នំពេញ)៖ ករណីអគ្គិភ័យបានឆាបឆេះផ្ទះលក់ធុងបាស មួយកន្លែង បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្ទះលេខ៥៣អាបេ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់១៩ឡាន ស្មេីរនឹង៧៦ម៉ែត្រគូប, រថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០១គ្រឿង ស្មេីរនឹង០៦ម៉ែត្រគូប, រថយន្តទីក្រុងនរា ចំនួន០៣គ្រឿង ប្រេីប្រាស់ទឹកអស់០៣ឡាន ស្មេីរនឹង១២ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រេីប្រាស់ទឹកអស់០៣ឡាន ស្មេីរនឹង១២ម៉ែត្រគូប និងរថយន្តទីក្រុងអូឡាំព្យា ចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់០២ឡាន ស្មេីរនឹង០៨ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ (១០ម៉ែត្រ គុណ ២៥ម៉ែត្រ) បានបណ្តាលឲ្យឆេះផ្ទះល្វែងជាន់ផ្ទាល់ដី ចំនួន ០២ល្វែង រួមមានម៉ូតូហុងដា PCX ចំនួន ០១គ្រឿង, ធុងបាស ៦០គ្រឿង, ទូរទស្សន៍ចំនួន ០២គ្រឿង, កាំមេរ៉ាសុវត្ថិភាពចំនួន ០២ឈុត, សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំស្រុង និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ថ្ងៃទីខែឆ្នាំដដែរ។ ដោយក្នុងហេតុការណ៍នេះ គឺបានបណ្តាលឲ្យមន្ត្រីពន្លត់អគ្គិភ័យម្នាក់រងរបួសក្នុងប្រតិបត្តិការខាងលេី រីឯមូលហេតុគឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕