ជនជាតិវៀតណាមម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីវាយទៅលើបុគ្គលិកធនាគារឯកជនម្នាក់រងរបួសធ្ងន់ ក្នុងក្រុងបានលុង

ដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងនគរបាលក្រុងបានលុងបានចុះស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ពាក់ព័ន្ធករណីបង្ករបួសស្នាមដល់អ្នកដទៃ វាយនឹងដំបងដែកក្រលាស់ បណ្តាលឲ្យជនរងគ្រោះបែកក្បាលហូរឈាមស្រោចពេញដងខ្លួន។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៤០នាទី កាលពីថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចហាងកាហ្វេក្បែរសាលាបង្រៀន បើកបរដៃចំណាន ស្ថិតនៅក្នុង ភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ជនបង្កមានឈ្មោះ វិន យ៉ាងង្វៀង (ហៅ វែង) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង មុខរបរជាង កាត់សក់ បានវាយនឹងដំបងដែកក្រលាស់ ទៅលើជនរងគ្រោះមានឈ្មោះ ហ.ម.ហ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង មុខរបរជាបុគ្គលិក ធនាគារឯកជនមួយ (រងរបួសបែកក្បាលធ្ងន់ធ្ងរ)។ យ៉ាងណាមិញ ចំពោះមូលហេតុដែលធ្វើអោយឈានដល់ការវាយបណ្ដាលអោយរងរបួសនេះ គឺយើងមិនទាន់អាចទាក់ទងស្នើសុំការបំភ្លឺ ពីសមត្ថកិច្ចបាននៅឡើយទេ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបងខេត្ត ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online