ជនដៃដល់ម្នាក់ក្នុងចំណោមបក្សពួកបីនាក់ផ្សេងទៀត ដែលធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសក្បាលត្រូវសមត្ថកិច្ចនគរបាលស្រុកបវេលឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់

កាលពីថ្ងៃ ពុធ ៦រោចខែផល្គុនឆ្នាំឆ្លូវត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០​២២ អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងក្នុងផែ្នកជំនាញ ធ្វើការឃាត់ខ្លួន ជនសង័្សយចំនួន ០១នាក់ឈ្មោះ ចាន់ មុនី ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិបវេល០២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរស្រាវជ្រាវចំពោះករណីហិង្សា ដោយចេតនាបណ្តាលឱ្យរបួសជនរងគ្រោះ ។

សូមជម្រាបជូនថា មូលហេតុដែលនាំដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២​២ វេលាម៉ោង ១៩និង ៤០នាទី នៅចំណុចភូមិក្តុលលើ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង មានករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើង ដែលករណីនេះ បង្កដោយជនសង័្សយខាងលើនិងបក្សពួកមួយចំនួនទៀត បានប្រើប្រាស់កាំបិត កាប់ទៅលើជន​រងគ្រោះឈ្មោះ វឿន ថាណាត ហៅ ង៉ា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិតាហែន ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដោយសារ​រឿងទំនាស់បណ្តាលឱ្យរងរបួសធ្ងន់ផ្នែកក្បាល ហើយក្រុមជនសង័្សយបានគេចខ្លួនបាត់ រីឯជនរង គ្រោះត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

នៅក្រោយពេលកើតហេតុ និងទទួលពាក្យបណ្តឹង​ពីក្រុមគ្រួសារជនរងគ្រោះរួចមកសមត្ថកិច្ចនគរបាលស្រុក បានផ្តើមធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញានិងឈានទៅធ្វើការឃាត់ខ្លួនតែម្តង ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួននិងបក្សពួកចំនួន០៣​នាក់ទៀតពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ វឿន ថាណាត បណ្ដាលឱ្យរងរបួស ពិតប្រាកដមែន ដោយសាររឿងទំនាស់ ហើយពេលនេះ សមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនជនសង័្សយមកកាន់ការិ​យាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ រីឯបក្សពួកផ្សេងទៀតសមត្ថកិច្ចកំពុងស្វែងរកដើម្បីឃាត់​ខ្លួន ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online