ជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនបានកើនលើស ១.២៥លាននាក់ ហើយពាក់កណ្តាលនៃអ្នកភៀសខ្លួនទាំងអស់នេះបានទៅប្រទេសប៉ូឡូញ

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានបញ្ជាក់នៅថ្ងៃសុក្រនេះថា ចំនួនជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនបានកើនលើស ១.២៥លាននាក់ ហើយពាក់កណ្តាលនៃអ្នកភៀសខ្លួនទាំងអស់នេះបានទៅប្រទេសប៉ូឡូញ។

បាតុករ​រាប់​សិប​នាក់​បាន​ស្រែក​ថា «អង្គការ​អូតង់ ចាត់​វិធានការ​ឥឡូវ​នេះ» នៅ​ពេល​ដែល​ពួកគេ​កំពុង​ឈរ​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​អង្គការ​អូតង់នៅ​ក្នុង​ទីក្រុង​ប៊្រុចសែល ខណៈ​ដែល​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អូតង់​ជួប​ប្រជុំ​ដើម្បី​ពិភាក្សា​អំពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយក្រែន។ នេះបើតាម​សេចក្តីរាយការណ៍​របស់​កាសែត The New York Times ។

ក្រុម​បាតុករ​ដែល​នាំគ្នា​កាន់​ទង់ជាតិ​អ៊ុយក្រែន បាន​ធ្វើ​បាតុកម្ម​នៅពេល​ដែល​ក្រុម​មន្ត្រី​អ៊ុយក្រែន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រកាស​តំបន់​ហាម​ហោះហើរ​នៅ​ដែន​អាកាស​អ៊ុយក្រែន។ អង្គការ​អូតង់​កំពុង​ភ័យខ្លាច​ថា ការ​ប្រកាស​តំបន់​ហាម​ហោះហើរ​នោះ​អាច​ទាញ​រដ្ឋ​ជា​សមាជិក​នៃអង្គការ​អូតង់​ឲ្យចូល​ក្នុង​សង្គ្រាម​ដោយ​ផ្ទាល់។

ធនាគារ​ពិភពលោក​ព្រមាន​ថា ​សង្គ្រាម​អ៊ុយក្រែន​ជា​មហន្តរាយ​សេដ្ឋកិច្ច។ សង្គ្រាម​អ៊ុយក្រែន​ជា​មហន្តរាយ​មួយ​សម្រាប់​ពិភពលោក​ដែល​នឹង​កាត់​បន្ថយ​ការ​លូតលាស់​សេដ្ឋកិច្ច។នេះបើ​តាមសម្តី​របស់​ប្រធាន​ធនាគារ​ពិភពលោក​ដែល​បាន​ថ្លែង​ប្រាប់​បណ្តាយ​ផ្សាយព័ត៌មាន ​BBC។

សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន កើតឡើង​ចំ​ពេល​ដ៏អាក្រក់​មួយ សម្រាប់​ពិភពលោក ពីព្រោះ​អតិផរណា​កំពុង​តែ​កើនឡើង​រួចស្រេច​ហើយ។ នេះ​បើតាម​សម្តី​របស់​លោក David Malpass ប្រធាន​ធនាគារ​ពិភពលោក។

លោក Blinken​៖ បស្ចិម​ប្រទេស​មិន​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​រុស្ស៊ី​ ហើយ​បាន​តាំងចិត្ត​ជួយ​អ៊ុយក្រែន។

នៅឯ​ជំនួប​នៅ​ថ្ងៃ​សុក្រ​នេះ​ជាមួយ​ដៃគូ​អង្គការ​អូតង់ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា៖ «យើង​មិន​ស្វះស្វែង​ធ្វើ​សង្គ្រាម​ឬ​ជម្លោះ​ជាមួយ​រុស្ស៊ី​ទេ។ នៅពេល​ជាមួយ​គ្នា​នេះ​យើង​ចាំបាច់​ធ្វើ​ឲ្យ​ប្រាកដ​ថា​មិន​មាន​ការយល់​ច្រឡំ​អំពី​ការតាំងចិត្ត​របស់​យើង​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​របស់​យើង»៕

ប្រភព÷ VOA