ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីធាក់ផ្តួលប្លន់យកម៉ូតូ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស​ ស្រាវជ្រាវឃាត់ខ្លួនបាន

កាលពីថ្ងៃទី០៨-០៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកកំពឹស ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីធាក់ផ្តួលប្លន់យកម៉ូតូ​ នៅចំណុចក្បែរបុរីជីបម៉ុង លើផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលកម្លាំងកំពុងជិះល្បាតតាមផ្លូវ៦០ម៉ែត្រ បានឃើញក្រុមជនសង្ស័យ ក៏បានធ្វើការឡោមព័ទ្ធឃាត់ខ្លួន។ ចំណែកជនរងគ្រោះឈ្មោះ អោម សំបូរ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្តឹង ខេត្តកណ្តាល ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង០៤នាក់ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ច ពួកគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានធ្វើសកម្មភាពជិះម៉ូតូកៀរ ធាក់ផ្តួលប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ប្រព្រឹត្តនៅកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣និង១៥នាទី ត្រង់ចំណុចក្បែរ ក្រុមហ៊ុន Kerry World Bridge Logistics ផ្លូវជាតិលេខ២ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់ខ្លួនចំនួន០៤នាក់រួមមាន៖ ១- ឈ្មោះ ទូច អេនថូនី ភេទប្រុស, ២-ឈ្មោះ ចាន់ ស៊ីយាន ភេទប្រុស, ៣- ឈ្មោះ គ្រីស ឈិត វិសាល, ៤- គុជ រ៉ាយុទ្ធ ភេទប្រុស។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IR-7215 ចំនួន០១គ្រឿង, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HP-8108។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់​ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online