ជនសង្ស័យជាជាងសំណង់ម្នាក់ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្រោយធ្វើសកម្មភាពលួចម៉ូតូ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាជាងសំណង់ម្នាក់ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្រោយធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋនៅជាយដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយសួរនាំជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ មួង ចំរឿង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅម្តុំផ្កាយ៣ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ឈ្មោះ ផាន់ ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានប្តឹងសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ថា ម៉ូតូរបស់ខ្លួនត្រូវចោរលួច គឺម៉ូតូ zoomer-x ដែលមានស្លាកលេខ 1P-0166 លេខតួ 5129994 លេខម៉ាស៊ីន 01299994 ដែលបានបាត់នៅវេលាម៉ោងប្រហែល ១១និង ៣៥នាទី។

លោកវរសេនីយ៍ឯក សៅ សារឿន បានបន្តថា ក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត កម្លាំងផែនព្រហ្មទណ្ឌអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ១នាក់ មានឈ្មោះមួង ចំរឿន យកមកសួរនាំ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសរភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូ zoomed-xខាងលើពិតប្រាកដមែន។បច្ចុប្បន្នម៉ូតូត្រូវបានប្រគល់ម្ចាស់វិញ រីឯជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online