ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនពីបទប្រើហឹង្សាក្នុងគ្រួសារ ដោយបានវាយឪពុកបង្កើតរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនពីបទប្រើហឹង្សាក្នុងគ្រួសារ ដោយបានវាយឪពុកបង្កើតរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២វេលាម៉ោង៨និង៣០នាទី នៅចំណុចជើងភ្នំគុកស្ថិតនៅភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរខេត្តពោធិ៍សាត់ ។

យោងតាមកំណត់ហេតុបណ្ដឹង និងការបំភ្លឺរបស់ឈ្មោះ ហួ រី ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ ដែលមកស្នាក់នៅភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (​ម្តាយចុងរបស់ជនមុខសញ្ញា) បានបំភ្លឺថានៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង៨ និង ៣០នាទីយប់ ប្ដីរបស់ខ្លួនឈ្មោះ យ៉ោប យ៉េត អាយុ ៦៧ ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមកពីកាត់សក់នៅបំណក់ ហើយមកដល់ចំការ នៅជើងភ្នំគុក ស្ថិតនៅភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរខេត្តពោធិ៍សាត់ស្រាប់តែឈ្មោះ យ៉ោប ពិសិដ្ឋ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាកូនចុងរបស់ខ្លួន)​ មិនដឹងផឹកស៊ីស្រវឹងមកពីណា បានកាក់ ស្រែកជេរដៀលប្តីខ្លួនថាកន្តួយម៉ែអាសំរាម អាថោក ហើយប្តីខ្លួនក៏តបទៅវិញថា កុំដៀលប្រយ័ត្នអញទ្រាំមិនបាន ហើយប្តីខ្លួនក៏ដើរទៅកញ្ចុះនៅក្នុងចំការ ស្រាប់តែខ្លួនឮសូរសម្លេងផស់ៗ ហើយខ្លួនក្រឡេកមើលទៅឃើញប្តីខ្លួនដួលទៅលើដី ដោយមានឈាមហូររហាមពេញមុខ ពេលនោះខ្លួនក៏រត់ទៅហៅកម្មករអោយមកជួយ ថាអាសិដ្ឋវាយប៉ាវាបែកឈាមដួលសន្លប់ហើយ​ បន្ទាប់មកកម្មករក៍នាំគ្នាជួយឃាត់ ហើយឈ្មោះ សិដ្ឋ ក៏រត់គេចខ្លួនទៅខាងក្រោយភ្នំបាត់ ហើយខ្លួនក៏មកមើលប្តី​ ឃើញមានស្នាម របួសត្រង់ស្លឹកត្រចៀក បែកមាត់ និង បាក់ឆ្អឹងដងកាំបិត បន្ទាប់មកខ្លួន​ និងកូនព្រមទាំងកម្មករបានដឹកប្តីមកព្យាបាលនៅគ្លីនិកឯកជននៅ​ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនបង្កឈ្មោះ យ៉ោប ពិសិដ្ឋ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ភ្នំតាអុស ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានមកស្នាក់នៅបណ្តោះអាសន្ននៅភូមិឃុំ កើតហេតុខាងលើ។ រយៈការកន្លងមក ជនមុខសញ្ញាធ្លាប់ជាប់ពន្ធាគារ នៅខេត្តកំពង់ឆ្នាំង រយះពេល២ឆ្នាំ ពីបទប្រើអំពើហឹង្សានៅក្នុងគ្រួសារ​ ។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបានស្រង់ចម្លើយរបស់ឈ្មោះ​ យ៉ោប ពិសិដ្ឋ ភេទប្រុស អាយុ ៣៤ឆ្នាំ (ជនបង្កត្រូវជាកូនបង្កើតរបស់ជនរងគ្រាះ)

បានឆ្លើយសារភាពថា នៅថ្ងៃទី០១​ ខែ កុម្ភៈឆ្នាំ២០២២​ ម៉ោង ៨ និង៣០នាទីយប់ ខ្លួនបានផឹកស៊ីស្រវឹង ហើយបានទាស់ពាក្យសំដីជាមួយប៉ាបង្កើតរបស់ខ្លួនឈ្មោះ យ៉ោប យ៉េត អាយុ ៦៧ ឆ្នាំ​ ជនជាតិខ្មែរ ខ្លួនបានដៀលខាងបងប្អូនប៉ាខ្លួនពេលគាត់ឮដូចនេះ គាត់ខឹងក៏ស្ទុះយកចបជីកមកវាយខ្លួន បណ្តាលអោយចំជង្គង់ទាំងសងខាង ដោយមានការឈឺខ្លាំង ខ្លួនក៏ស្ទុះទៅអោបគាត់ ហើយខាំស្លឹកត្រចៀកគាត់ បណ្តាលអោយដាច់ហើយឈាម ខាំដោះ និង ដាល់មុខគាត់៤ទៅ៥ដៃ បណ្តាលអោយបែកឈាម និង ដួលសន្លប់ទៅលើដី ក្រោយពេលធ្វើសកម្មភាពរួចខ្លួនក៏រត់គេចខ្លួនទៅដេកនៅជើងភ្នំក្បែរចំការ។

បច្ចុប្បន្នជនមុខសញ្ញាត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននិងបញ្ជូនមកកាន់អធិការដ្ឋានគរបាលស្រុកក្រគរ តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី ០១ខែ កុម្ភៈឆ្នាំ ២០២២​នៅវេលាម៉ោង​ ៩ និង៣០នាទី​យប់ ដើម្បីចាត់ការទៅតាមនីតិវិធី៕