ជនបើករថយន្តបុកមនុស្សស្លាប់ ត្រូវបានបញ្ជូនទៅតុលាការ
ភ្នំពេញៈ ជនម្នាក់ដែលបើករថយន្តបុកមនុស្សប្រុស ស្រីជិះម៉ូតូ ២ នាក់ស្លាប់ តាមផ្លូវ ៦០ ម៉ែត្រ នៅសង្កាត់ចាក់អង្រែលើក្នុងខណ្ឌមានជ័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១១ មករា បន្ទាប់ពីស្រាវជ្រាវចាប់ខ្លួនបានក្រោយបង្កហេតុនៅថ្ងៃទី ១០ ខែមករា។
លោក អ៊ួង ម៉ាលី នាយរងការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ពីម្សិលមិញថា ករណីជនសង្ស័យឈ្មោះ ហ៊ុយ ទូច ភេទប្រុស អាយុ ៣៦ ឆ្នាំត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយកាលពីថ្ងៃទី ១១ មករា។
លោកបញ្ជាក់ថា៖ «សមត្ថកិច្ចខ្ញុំបញ្ជូនជននោះទៅតុលាការរួចហើយ ប៉ុន្តែខ្ញុំមិនដឹងថា តុលាការចោទប្រកាន់គាត់ឬក៏នៅទេ»។ យោងតាមមន្ត្រីប៉ូលិសជនឈ្មោះ ហ៊ុយ ទូច មិនមែនជាម្ចាស់រថយន្តបង្កហេតុទេ។ ជនបង្កខ្ចីរថយន្តរបស់ក្មួយឈ្មោះ ឆេង គឹមលី។
ពាក់ព័ន្ធនឹងការចោទប្រកាន់ពីតុលាការលើជនបង្កហេតុ ឬយ៉ាងណានោះ ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញបានព្យាយាមទាក់ទងតាមទូរស័ព្ទ និងតាមសារអេឡិចត្រូនិកទៅលោកព្រះរាជអាជ្ញារង គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញផងដែរ ប៉ុន្តែលោកមិនឆ្លើយតប។
តាមកំណត់ហេតុរបស់សមត្ថកិច្ចដែលបានសាកសួរសាក្សីនៅកន្លែងកើតហេតុបង្ហាញថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ ២០២០ នៅចំណុចមុខការដ្ឋានក្រុមហ៊ុនចិន ១ កន្លែងនៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កំណត់ហេតុបង្ហាញថា មុនពេលកើតហេតុបុរសម្នាក់បានជិះម៉ូតូ ១ គ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IC-4551 ឌុបនារីជំទង់ម្នាក់ដោយមានដឹកនំប៉័ងផងបានធ្វើដំណើរតាមផ្លូវ ៦០ ម៉ែត្រ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង។ ខណៈពេលនោះជនរងគ្រោះបានបើកម៉ូតូព្យាយាមវ៉ាជែងម៉ូតូ និងរថយន្តផ្សេងហើយក៏ចូលទៅចំណែកផ្លូវម្ខាងទៀត។
ស្របពេលនោះមានរថយន្ត ១ គ្រឿង ម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-0035 (រថយន្ត បង្ក) បានបើកបរបញ្ច្រាសទិសគ្នាជាមួយម៉ូតូ ហើយបានជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតទៅចំណែកផ្លូវម្ខាង។ រីឯជនរងគ្រោះប្រុសស្រី ២ នាក់នោះ ត្រូវរថយន្តបង្កកិនពីលើ និងអូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗហើយបានបើករថយន្តគេចខ្លួនបាត់។
កំណត់ហេតុបន្តថា ក្រោយកើតហេតុនគរបាលសង្កាត់ចាក់អង្រែលើ និងនគរបាលចរាចរណ៍ ខណ្ឌមានជ័យ ចុះមកដល់កន្លែងកើតហេតុ និងបានជូនដំណឹងដល់នគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យវាស់វែង។ ជាមួយគ្នានោះនគរបាលចរាចរណ៍បានឆែកមើលក្នុងកាមេរ៉ាសុវត្ថិភាពដែលបានបំពាក់នៅក្បែរនោះដែលរូបភាពក្នុងកាមេរ៉ាសុវត្ថិភាពបានបង្ហាញពីសកម្មភាពអំពីគ្រោះថ្នាក់ចរាចរណ៍ និងភិនភាគនៃរថយន្តបង្កនោះ។
លុះវេលាម៉ោង ១ រសៀលថ្ងៃដដែល កម្លាំងជំនាញចរាចរណ៍បានស្រាវជ្រាវឈានទៅឃាត់ខ្លួន ម្ចាស់រថយន្តមានឈ្មោះ ឆេង គឹមលី ភេទប្រុស អាយុ ២១ ឆ្នាំស្នាក់នៅភូមិសន្សំកុសល ៣ សង្កាត់បឹងទំពុនទី ១ ខណ្ឌមានជ័យដែលត្រូវជាក្មួយរបស់ជនបង្កឈ្មោះ ហ៊ុយ ទូច អ្នកបើករថយន្តបុកជនរងគ្រោះស្លាប់។
កំណត់ហេតុបន្តថាក្រោយពីសមត្ថកិច្ចឃាត់ខ្លួនក្មួយប្រុសរបស់ជនបង្កបទល្មើសរួចហើយសមត្ថកិច្ចបានឲ្យក្មួយប្រុសរបស់ជនសង្ស័យនាំទៅតាមចាប់ខ្លួនកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ១១ មករានៅស្រុកស្អាង ខេត្តកណ្ដាលដែលជាទីកន្លែងលាក់ខ្លួនក្រោយបង្កហេតុ។
យោងតាមការប្រៀបធៀបទិន្នន័យគ្រោះថ្នាក់ចរាចរណ៍រយៈពេល ១០ ខែឆ្នាំ ២០១៩ ធៀបនឹងឆ្នាំ ២០១៨ របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិចំនួនករណីគ្រោះ ថ្នាក់ ១០ ខែ នៃឆ្នាំ ២០១៩ មាន ៣ ៧៤៩ កើន ៤០% ចំនួន អ្នកស្លាប់មាន ១ ៧៩៦ កើន ២១% ចំនួនអ្នករបួសធ្ងន់មាន ៣ ៥៩០ កើន ៤២%៕
ប្រភព៖ https://www.postkhmer.com/