ជាង១ខែសោះសម្រេច៦លើកយ៉ាងកក្រើកក្រុងបាត់ដំបង ពេលនេះអស់លក្ខណ៍ហើយ
ខេត្តបាត់ដំបង ៖ បន្ទាប់ពីអំពើចោរកម្ម «កាច់សោរលួចម៉ូតូ» បានកើតឡើងយ៉ាងកក្រើកក្រុងបាត់ដំបង ក្នុងរយៈពេលជាង១ខែកន្លងទៅនេះ ទីបំផុតកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត បានធ្វើការស្រាយជ្រាវឃាត់ខ្លួនបាន២នាក់ ដែលម្នាក់ជាជនដៃដល់ និងម្នាក់ទៀតទទួលទិញផលចោរកម្ម ហើយមន្ត្រីជំនាញ និងកសាងសំណុំរឿងបញ្ជូនជនទាំង២នាក់នេះ ទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈនេះ ក្រោយពីបញ្ចប់ការសួរនាំ។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោកឈឿង គឹមសុង បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ ជា ឆេង អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង (ជនដៃដល់) និងម្នាក់ទៀតឈ្មោះ ហេង សន្ថា អាយុ៣៩ឆ្នាំ នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង (អ្នកទិញផលចោរកម្ម) រីឯបក្សពួកជនដៃដល់ម្នាក់ទៀតឈ្មោះ ទុំ កំពុងរត់គេចខ្លួន។

លោកគឹមសុង បានប្រាប់ថា ជនដៃដល់រូបនេះ បានធ្វើសកម្មភាព «កាច់សោរលួចម៉ូតូ» មួយគ្រឿងម៉ាក Zoomer របស់ជនរងគ្រោះ ឈ្មោះ ឈុន សុខលីន ភេទស្រី អាយុ២៨ឆ្នាំ កាលពីថ្ងៃទី១១ កុម្ភៈ នេះ នៅក្នុងបរិវេណសាលាឌូវី ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ហើយត្រូវកម្លាំងរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ម្នាក់ និងអ្នកទទួលទិញផលចោរកម្មម្នាក់ ក្រោយហេតុការណ៍បានកើតឡើងមួយថ្ងៃ។ ជាមួយនឹងការឃាត់ខ្លួននេះ មន្ត្រីជំនាញដកហូតបានម៉ូតូម៉ាក Zoomer X ចំនួន២គ្រឿង និង វត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ជា ឆេង សារភាពថា ខ្លួន និងបក្សពួកម្នាក់ទៀតឈ្មោះ ទុំ ដែលកំពុងរត់ចោលស្រុក ពិតជាបានលួចយកម៉ូតូនៅសាលាឌូវីមែន។ ហើយបានសារភាពទៀតថា ពួកខ្លួនធ្លាប់ធ្វើសកម្មភាព «កាច់សោរលួចម៉ូតូ» បែបនេះ ចំនួន៦លើកហើយ ដោយគិតចាប់តាំងពីដើមខែមករា រហូតមកដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដែលជាលើកចុងក្រោយនេះ នៅក្នុងសាលាឌូវី។ ជនសង្ស័យដ៏សកម្មរូបនេះ បានបញ្ជាក់ថា បទល្មើសដែលពួកខ្លួនបានប្រព្រឹត្តទាំងនេះ គឺធ្វើឡើងតែនៅក្នុងក្រុងបាត់ដំបងប៉ុណ្ណោះ ហើយបានសម្រេចទាំង៦លើក។

លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់ថា បក្សពួកជននេះម្នាក់ទៀតដែលកំពុងគេចខ្លួន គឺជាមេខ្លោងក្នុងការធ្វើសកម្មភាព «កាច់សោរលួចម៉ូតូ»។ ក្រុមនេះបានធ្វើសកម្មភាពយ៉ាងកក្រើកមួយរយៈចុងក្រោយនេះ ហើយក្រោយពីកម្លាំងជំនាញបានធ្វើការស៊ើបអង្កេតយ៉ាងស្វិតស្វាញ ទើបឈានដល់ការបង្ក្រាបបាន។ ប៉ុន្តែយ៉ាងណា នៅសេសសល់បក្សពួកជននេះម្នាក់ទៀត ដែលមន្ត្រីជំនាញកំពុងតាមប្រមាញ់។ ពេលនេះ មន្ត្រីជំនាញកំពុងចងក្រងសំណុំរឿងបញ្ជូនជនទាំង២នាក់ខាងលើនេះ ទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីហើយ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។


អត្ថបទ៖ https://kohsantepheapdaily.com.kh/