ជិះម៉ូតូឌុបគ្នាមិនប្រយ័ត្នបុកគូទរថយន្តពីក្រោយស្លាប់ទាំង២នាក់ភ្លាមៗ

យុវជន ២នាក់ជិះម៉ូតូ មិនបានប្រុងប្រយ័ត្ន ជ្រុលទៅបុកគូទរថយន្តមិនស្គាល់ម៉ាក ពេញទំហឹង បណ្តាលឱ្យស្លាប់ទាំង ២ នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងប្រហែលម៉ោង ១ និង ០០ នាទីរំលងអធ្រាត្រ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ តាមផ្លូវក្រាលកៅស៊ូ ស្ថិតនៅក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់។

លោក ក្លល ថើង អធិការនគរបាលស្រុកលំផាត់ បានឱ្យដឹងថា បន្ទាប់ពីយុវជនជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ។លោកថាជនរងគ្រោះ ជិះម៉ូតូ ១ គ្រឿង ម៉ាក វេវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរពីត្បូងទៅជើងបុក និងរថយន្តមិនស្គាល់អត្តសញ្ញាណ បើកបរស្របទិសគ្នា បន្ទាប់ពីកើតហេតុរួច រថយន្តបានបើករត់គេចខ្លួនបាត់។

លោកបន្តថា យុវជនទាំង ២នាក់នោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ម្នាក់បានធ្លាយពោះវៀនចេញមកខាងក្រៅ និងម្នាក់ទៀតបែកមុខខាងស្តាំ ស្លាប់ទាំង ២ នាក់នៅនិងកន្លែងកើតហេតុ ដោយបើកបរមិនពាក់មួកសុវត្ថិភាព។

ក្រោយកើតហេតុ សមត្ថកិច្ចបានរៀបចំទុកដាក់សពទាំង ២ នាក់នៅកន្លែងកើតហេតុ រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នម៉ូតូ ១គ្រឿង និងបំណែករបស់រថយន្តដែលបានបែកធ្លាក់នៅកន្លែងកើតហេតុ បានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសេដា ដើម្បីស្រាវជ្រាវ កសាងសំណុំរឿងទៅតាមនិតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online