ជិះសុខៗទៅបុកប៉ូលិស ចាប់ជាប់បែកធ្លាយខ្ទេច​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចូល​ក្នុង​បារាស់​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​របស់​សមត្ថកិច្ច រួច​ក៏​ជ្រុល​ទៅ​បុក​សមត្ថកិច្ច បង្ក​ការ​ភ្ញាក់ផ្អើល លុះ​សមត្ថកិច្ច​ឃាត់ខ្លួន​ឆែកឆេរ ស្រាប់តែ​រក​ឃើញ​ថ្នាំ​ញៀន​នៅ​ក្រោម​កែបម៉ូតូ​ចំនួន​មួយ​កញ្ចប់​ធំ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ប៉ុស្តិ៍​ស្វាយ​បាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។

ជនសង្ស័យ​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ​សុ ភ័​ក្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ​ដៃ ស្នាក់​នៅ​ម្តុំ​សំណង់​១២ ខណ្ឌទួលគោក រីឯ​ម្នាក់​ទៀត​ឈ្មោះ​ណា រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខ​បរ​ជាង​ជួសជុល​ទូរស័ព្ទ​ដៃ ស្នាក់​នៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​វី ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខណ្ឌដូនពេញ​បានអោយ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​អោយ​តាម​បណ្តា​ខណ្ឌ​ទាំង​១៤​ធ្វើការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជា​រៀងរាល់ថ្ងៃ​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ អធិការ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ធ្វើការ​ដាក់​គោល​ដៅ​នៅ​មុខ​នឹង​ប៉ុស្តិ៍​ស្វាយប៉ាក ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​គ្មាន​ស្លាក​លេខ​នោះ​ទេ ដោយ​ពួក​គេ​មិន​បាន​ចាប់អារម្មណ៍​ឃើញ​សមត្ថកិច្ច​កំពុង​តែ​ដាក់​បារាស់​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ និង​អាវុធ​ជាតិ​ផ្ទុះ​ នឹង​ជាតិ​ស្រវឹង​នោះ​ទេ ក៏​ជិះ​បំ​បុក​សមត្ថកិច្ច បណ្តាល​ឱ្យ​ផ្អើល​ពេញ​កន្លែង​ត្រួតពិនិត្យ លុះ​ពេល​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១​កញ្ចប់​ធំ​នៅ​ក្នុង​បាស់​តូច​មួយ​ក្រោម​កែបម៉ូតូ ហើយ​ជនសង្ស័យ​​ឆ្លើយប្រាប់​សមត្ថកិច្ច​ថា ខ្លួន​អត់​ដឹង​ថា​ថ្នាំ​ញៀន​នៅ​ក្រោម​កែបម៉ូតូ​នោះ​ទេ គ្រាន់តែ​មាន​គេ​ផ្ញើ​យក​​ទៅ​​អោយ​គេ​ត​គ្នា​ដែរ​ទេ ដោយ​ជនសង្ស័យ​ប្រាប់​សមត្ថកិច្ច​ថា ប្រញាប់​ទៅ​មើល​ប្រពន្ធ​ឆ្លងទន្លេ​ទៅ​វិញ​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី ៕

អត្ថបទ៖  https://kohsantepheapdaily.com.kh/

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online