ជូនដំណឹង! ច្រកទា្វរអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិភ្នំដី បើកដំណើរការឲ្យឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែឧសភានេះ

(ភ្នំពេញ)៖ ប្រទេសថៃបានចេញលិខិតអនុញ្ញាតឱ្យភ្ញៀវទេសចរអាចធ្វើដំណើរចេញ-ចូលប្រទេសខ្លួនបាន តាមច្រកទ្វារព្រំដែនចំនួន២នៅខេត្តស្រះកែវ ជាប់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺច្រកព្រំដែនបានខ្លងលឹក (Ban Khlong Luk) ស្រុកអារញ្ញ ខាងកម្ពុជាគឺច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនបានខាវដិន (Ban Khao Din) ស្រុកខ្លងហាត ខាងកម្ពុជាច្រកទ្វារអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ប៉ុន្តែត្រូវអនុវត្តតឹងរឹងតាមវិធានការ បង្ការជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តស្រះកែវ ដែលបានជម្រាបជូនមកអភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដែលបណ្ដាញព័ត៌មាន Fresh News ទើបទទួលបាននាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ។

លិខិតរបស់ភាគីថៃខាងលើនេះបានបញ្ជាក់ថា ការធ្វើដំណើរចេញ-ចូលប្រទេសថៃតាមច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ «បានខ្លងលឹក» ស្រុកអារញ្ញ ខេត្តស្រះកែវ និងព្រំដែនអចិន្ត្រៃយ៍ «បានខាវដិន» ស្រុកខ្លងហាត ខេត្តស្រះកែវ ភ្ញៀវទេសចរត្រូវមានលិខិតឆ្លងដែន (Passport) បណ្ណព្រំដែន (ដែលត្រូវបំពេញដោយផ្ទាល់នៅច្រកទ្វារព្រំដែន) ជាដើម។

លិខិតដដែលបានបញ្ជាក់ទៀតថា ការធ្វើដំណើរមកពីបរទេសចូលប្រទេសថៃ តាមច្រកព្រំដែនគោកទាំងពីរខាងលើនេះ អាចធ្វើទៅបានក្រោមវិធានការ និងលក្ខខណ្ឌនៃវិធានការបង្ការជំងឺ ក្រោមបទប្បញ្ញត្តិនៃមាត្រា៩ នៃក្រឹត្យស្ដីពីការគ្រប់គ្រងសាធារណៈនៃការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩។

ភាគីថៃបានបញ្ជាក់បន្ថែមថា ចំពោះការធ្វើដំណើរចេញពីប្រទេសថៃតាមច្រកព្រំដែនគោកទាំងពីរខាងលើ ត្រូវអនុវត្តស្របតាមវិធានការបង្ការជំងឺ លក្ខខណ្ឌ លក្ខខណ្ឌនៃរយៈពេល លក្ខខណ្ឌនៃប្រទេសគោលដៅ។

ចំពោះការត្រួតពិនិត្យ ការដឹកនាំ និងសម្របសម្រួលប្រតិបត្តិការចេញ-ចូលប្រទេសថៃ ត្រូវស្ថិតក្រោមសមត្ថកិច្ច៖

* មន្ត្រីគយអារញ្ញប្រថេត ជាមេបញ្ជាការឧប្បត្តិហេតុ (IC) ប្រចាំប៉ុស្ដិ៍នៅព្រំដែនបានខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ។

* មេស្រុកខ្លងហាត ជាមេបញ្ជាការឧប្បត្តិហេតុ (IC) ប្រចាំប៉ុស្ដិ៍នៅព្រំដែនបានខាវដិន ស្រុកខ្លងហាត ខេត្តស្រះកែវ។

ទោះជាយ៉ាងណា សម្រាប់ប្រជាពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរនៅផ្សាររុងខ្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ អាជ្ញាធរថៃនៅមិនទាន់អនុញ្ញាតឱ្យចេញ-ចូលបាននៅឡើយទេ ពោលការអនុញ្ញាតនេះអនុវត្តបានតែចំពោះភ្ញៀវទេសចរ ដែលមានលិខិតឆ្លងដែន បណ្ណព្រំដែន ព្រមទាំងមានបណ្ណចាក់វ៉ាក់សាំងជាដើម។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ជំហានបឋមខាងភាគីថៃ អនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្រាប់អ្នកដែលមានលិខិតឆ្លងដែន និងបណ្ណព្រំដែន ហើយជំហានបន្ទាប់ គឺគិតគូរដល់ក្រុមអាជីវករខ្មែរលក់ដូរនៅផ្សាររុងគ្លឿ៕

ប្រភព÷ Fresh News

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online