ជួបចំថ្ងៃស៊យ! ធ្វើសកម្មភាពមិនសម្រេចហើយជួបគ្រោះ ថែមទាំងអស់លក្ខណ៍ទៀត
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងជិះម៉ូតូកង់បីមិនបានសម្រេច ក្រោយពេលជនរងគ្រោះស្រែកឆោឡោធ្វើឱ្យជនសង្ស័យភ័យស្លន់ជិះម៉ូតូជ្រុលទៅបុកខឿនចិញ្ចើមផ្លូវដួល ក៏ត្រូវពលរដ្ឋ និងសមត្ថកិច្ចក្របួចចាប់ជាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវ២០០៤ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើឈ្មោះ ស៊ឹម វ៉ាន់ណេត អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកា១ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះឡាយ វី អាយុ២៦ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះធ្វើដំណើរតាមម៉ូតូកង់បី ចេញពីម្តុំសន្ធរម៉ុក ឆ្ពោះទៅវត្តអង្គតាមិញ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ដោយធ្វើដំណើរតាមផ្លូវ២០០៤ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែលេខមុខជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក Beet ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GU-3738 តាមពីក្រោយមករួចក៏ឆក់ទូរស័ព្ទដៃតែម្តង ប៉ុន្តែមិនបានសម្រេច។

ប្រភពដដែលបន្តថា ព្រោះខណៈពេលដែលចោរលូកដៃឆក់ពីជនរងគ្រោះនោះ គឺជនរងគ្រោះបានចាប់ក្តោបទូរស័ព្ទជាប់ រួចស្រែកថា »ចោរ» ឆោឡោផ្អើលអស់ប្រជាពលរដ្ឋតែម្តង។ ពេលនោះជនសង្ស័យភ័យស្លន់ស្លោពេក ក៏ជិះទៅបុកខឿនចិញ្ចើមផ្លូវដួលម្នាក់ឯង មិនចាំបាច់នឿយហត់ដេញតាមឡើយ ហើយក៏ត្រូវបានពលរដ្ឋ និងសមត្ថកិច្ចក្របួចចាប់ជាប់ ភ្លាមៗផងដែរ។

ក្រោយពីចាប់ខ្លួនបានហើយ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅផ្នែកជំនាញខណ្ឌដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ បុប្ផា)

អត្ថបទ៖ https://kohsantepheapdaily.com.kh/