ជើងខ្លាំងជនជាតិនីហ្សេរីយ៉ាម្នាក់ដែលពូកែខាងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើម្បីធ្វើការបោកបញ្ឆោត ត្រូវបានតុលាការចេញដីកាឃុំខ្លួន

កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាបជនសង្ស័យជនជាតិនីហ្សេរីយ៉ា ចំនួន០១នាក់ ដែលជាមុខសញ្ញាសកម្មឆបោកប្រាក់ពីជនរងគ្រោះ តាមបណ្ដាញសង្គមបច្ចេកវិទ្យា។ ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានការអនុញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំកម្លាំងចុះបង្ក្រាបជនសង្ស័យខាងលើបានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងជំនាញ បានសហការជាមួយកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបង្ក្រាបបានជនសង្ស័យឈ្មោះ CHUKWUEKE FELIX CHIBUEZE ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរអាជីវករ ស្នាក់នៅរាជធានីភ្នំពេញ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា មុខសញ្ញាសកម្មដែលកម្លាំងជំនាញបង្ក្រាបនេះ តែងតែងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយធ្វើសកម្មភាពក្លែងខ្លួនជាសុំស្រឡាញ់ និងរាប់អានធ្វើជាមិត្តភក្តិទៅជនរងគ្រោះដោយប្រាប់ថា ខ្លួនរស់នៅក្រៅប្រទេសមានកញ្ចប់ឥវ៉ាន់ត្រូវផ្ញើមកឱ្យ មានសម្ភារៈជាច្រើនដូចជា កាបូប ប្រាក់ដុល្លាអាមេរិក និងមាសមួយចំនួន និងបានបង្កើតហេតុការផ្សេងៗឱ្យជនរងគ្រោះបង់ប្រាក់ជាបន្តបន្ទាប់រហូតលែងមានលទ្ធភាពបង់មកឱ្យខ្លួនទើបបិទទូរសព្ទ និងបណ្ដាញសង្គមនានាលែងទំនាក់ទំនងបាន។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ CHUKWUEKE FELIX CHIBUEZE ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។ ជាមួយគ្នានេះដែរ សមត្ថកិច្ចសូមធ្វើការក្រើនរំឮកដល់បងប្អូន ដែលតែងតែប្រើប្រាស់បណ្ដាញសង្គមនានា សូមមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់បោកជនខិលខូច ដែលប្រើមនោសញ្ចេតនាដើម្បីលួងលោមបោកប្រាស់ ដោយសន្យាផ្ញើសម្ភារៈមានតម្លៃ ឬត្រូវប្រាក់រង្វាន់នានា៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online