ជំងឺអុតស្វា (Monkeypox)

ជំងឺអុតស្វា (Monkeypox) គឺជាជំងឺដ៏កម្រមួយ ដែលបណ្តាលមកពីការឆ្លងមេរោគ ប្រភេទវីរុស មកពីសត្វស្វា (វីរុសនោះឈ្មោះ Orthopoxvirus) ។ ជំងឺនេះ រកឃើញដំបូង ក្នុងឆ្នាំ ១៩៥៨ នៅពេលដែលមានការរាតត្បាតក្នុងហ្វូងស្វា ទើគេឱ្យឈ្មោះថា ជំងឺអុតស្វា (Monkeypox) ។ ជំងឺនេះ ត្រូវបានគេរកឃើញកើតនៅលើមនុស្សជាលើកដំបូង នៅឆ្នាំ១៩៧០ នៅប្រទេសកុងហ្កូ បន្ទាប់មកគេឃើញមានកើតនៅបណ្តាប្រទេសអាហ្វ្រិកកណ្តាល និងអាហ្វ្រិកកខាងលិចផ្សេងទៀតផងដែរ។ បច្ចុប្បន្ន ជំងឺនេះ ក៏មានកើតឡើងនៅប្រទេសផ្សេងទៀតផងដែរដូចជា បែលហ្សិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ព័រទុយហ្គាល់ អេស្ប៉ាញ ស៊ុយអែត និងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី និងសឹង្ហបូរី។

ការឆ្លង

ការចម្លងនៃមេរោគអាចកើតឡើងនៅពេលដែលមនុស្សម្នាក់បានប៉ះពាល់នឹងមេរោគពីសត្វ ឬមនុស្ស ឬវត្ថុធាតុដែលមានមេរោគ។ មេរោគអាចចូលទៅក្នុងខ្លួនតាមរយៈស្បែកដែលដាច់រលាត់ តាមផ្លូវដង្ហើម ដោយក្អក ឬកណ្តាស់ ឬភ្នាសសើម (ភ្នែក ច្រមុះ ឬមាត់) ឬការប៉ះពាល់ដោយផ្ទាល់ជាមួយវត្ថុរាវក្នុងរាងកាយ ឬដំបៅពងបែក និងការប៉ះពាល់ដោយប្រយោល ដូចជាតាមរយៈសម្លៀកបំពាក់ វត្ថុផ្សេងៗទៀតរបស់អ្នកជំងឺដូចជា ពូក ខ្នើយ កន្ទេល ដែលមានមេរោគ។

រោគសញ្ញា

បន្ទាប់ពីឆ្លងមេរោគបានរយៈពេល ៧-១៤ ថ្ងៃ (ជួនកាលអាចមានដល់ ៥-២១ ថ្ងៃ) អ្នកជំងឺចាប់ផ្តើមមានចេញរោគសញ្ញាដូចខាងក្រោម៖

– គ្រុនក្តៅ ញាក់

– ឈឺក្បាល

– ឈឺសាច់ដុំ

– ឈឺខ្នង

– អស់កម្លាំង

– ហើមកូនកណ្តុរ (lymphadenopathy) នៅក ក្លៀក ឬក្រលៀន

– បន្ទាប់ពីមានគ្រុនក្តៅ ១ ទៅ ៣ ថ្ងៃ អ្នកជំងឺមានចេញ ពងបែក ដែលជារឿយៗចាប់ផ្តើមនៅលើមុខ បន្ទាប់មករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ ។ ជំងឺនេះជាធម្មតាមានរយៈពេល២-៤ សប្តាហ៍។

ផលវិបាក

ករណីធ្ងន់ធ្ងរអាចកើតឡើង ជាមួយនឹងអត្រានៃករណីស្លាប់មានប្រហែល ៣-៦% ។

ផលវិបាកនៃជំងឺនេះ កើតមានដោយការឆ្លងមេរោគទី២ ដូចជា ជំងឺរលាកទងសួត រលាកសួត រលាកស្រោមខួរក្បាល និងការឆ្លងមេរោគលើកញ្ចក់ភ្នែក ដែលបណ្តាលឱ្យបាត់បង់គំហើញ។

ការបង្ការ

– ជៀសវាងការប៉ះពាល់ជាមួយអ្នកជំងឺ ឬប៉ះពាល់ជាមួយសម្ភារៈផ្សេងៗ របស់អ្នកជំងឺ ។

– ដាក់អ្នកជំងឺ ដាច់ពីអ្នកដ៏ទៃ ។

– អនុវត្តអនាម័យដៃឱ្យបានល្អ (លាងដៃជាមួយសាប៊ូ និងទឹក ឬប្រើទឹកអាកុលលាងដៃ) បន្ទាប់ពីប៉ះពាល់អ្នជំងឺ ឬរបស់របរប្រើប្រាស់របស់អ្នកជំងឺ។

– ប្រើឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) នៅពេលថែទាំអ្នកជំងឺ។

ការព្យាបាល

បច្ចុប្បន្ននេះ មិនទាន់មានការព្យាបាលប្រកបដោយសុវត្ថិភាព ក្នុងការព្យាបាលជំងឺអុតស្វានេះ នៅឡើយទេ ។ ការព្យាបាល គឺព្យាបាលទៅតាមរោគសញ្ញា ។ ទោះយ៉ាងណាដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺអុតស្វា មានវិធានការមួយចំនួនចំនួនដូចជា ៖

– ចាក់វ៉ាក់សាំងការពារជំងឺអុតស្វាយ ក៏អាចការពារជំងឺអុតស្វា នេះបានដែរ (ដោយសារ ហ្សែន Orthopoxvirus ក៏រួមបញ្ចូលផងដែរនូវវីរុសដែលបណ្តាលឱ្យកើតជំងឺអុតស្វាយ)

-ប្រើថ្នាំប្រឆាំងវីរុស (antivirals)។

– និងអាចត្រូវបានប្រើពពួកថ្នាំ vaccinia immune globulin (VIG) ។

ប្រភពព័ត៌មាន