ជំងឺរលាកសួតចម្លែករាលដាលនៅក្រុង ប្រជាជនបន្តជីវភាពធម្មតា
ប្រទេសចិន ៖ យោងតាម AFP ថា បណ្ដាភោជនីយដ្ឋាននៅតែបើកហើយមនុស្សស្ទើរទាំងអស់មិនពាក់ម៉ាស់ការពារឡើយ ក្នុងទីក្រុងធំវូហាននាភាគកណ្ដាលចិន ជាកន្លែងលេចចេញការឆ្លងរាលដាលនៃជំងឺរលាកសួតចម្លែក ដែលនាំឲ្យមានការភ័យខ្លាច ដល់ការលេចចេញជាថ្មីនៃវីរុសដែលសម្លាប់មនុស្សដ៏សាហាវដូចជំងឺ SRAS។ គេកត់សម្គាល់ឃើញប្រជាជននៃទីក្រុងនោះបន្តជីវភាពធម្មតា។
នាថ្ងៃទី១២មករាគេកត់សម្គាល់ឃើញថាប្រជាជនជាច្រើននៃទីក្រុងនេះ ហាក់ពុំមានការបារម្ភខ្លាំងចំពោះការលេចនូវវីរុសដែលហាក់មានសណ្ឋានដូចជំងឺSRAS ដែលបានសម្លាប់មនុស្សជាច្រើនរយនាក់នៅចិនដីគោកនិងនៅហុងកុងរវាងឆ្នាំ២០០២និង២០០៣។
រហូតមកទល់ពេលនេះមនុស្ស៤១នាក់ធ្វើរោគវិនិច្ឆ័យឃើញឆ្លងវីរុសថ្មីប្រភេទកូរ៉ូណាវីរុសនេះ នៅក្រុងវូហានដែលមានប្រជាជន១១លាននាក់។ បុរសម្នាក់អាយុ៦១ឆ្នាំបានត្រូវស្លាប់។នេះជាការអះអាងនាថ្ងៃទី១១មករា របស់អាជ្ញាធរសុខាភិបាលចិន។ ការឆ្លងនៃជំងឺនោះកើតមាន ខណៈបុណ្យចូលឆ្នាំថ្មីចិនជិតមកដល់ ដោយនោះជាដំណាក់កាលនៃការធ្វើដំណើរប្រចាំឆ្នាំច្រើនបំផុតរបស់ប្រទេស។ មនុស្សច្រើនសិបលាននាក់សម្រុកជិះរថយន្តបឺស រថភ្លើងនិងយន្តហោះ ពីគ្រប់ទិសទីមកជួបជុំគ្រួសារ។
យោងតាមគណៈកម្មការសុខាភិបាលក្រុងវូហានថា ពុំមានភស្ដុតាងច្បាស់ណាមួយនៃការឆ្លងរវាងមនុស្សនិងមនុស្ស ត្រូវបានរកឃើញនៅឡើយ។ កាលពីថ្ងៃទី១២មករាផ្សារត្រីដែលស្ថិតនៅកណ្ដាលក្រុងនិងជាកន្លែងដែលមានអ្នកឆ្លងវីរុសនោះភាគច្រើន នៅតែហាមមិនឲ្យចូល ១០ថ្ងៃក្រោយការបិទ។ ទោះបីយ៉ាងណាភោជនីយដ្ឋានជាច្រើន ក្នុងអគារតែមួយជាមួយគ្នានៅតែបើកនិងបម្រើអតិថិជន។
ខុសប្លែកពីនៅក្រុងហុងកុង ការប្រកាសពីការលេចជំងឺនេះនាំឲ្យមនុស្សម្នាពពាក់ពពួនទិញម៉ាស់ការពារ ខណៈបណ្ដាអ្នកវិទ្យាសាស្ត្រអំពាវនាវដល់ប្រជាជននៃក្រុងនោះឲ្យនៅតែប្រុងប្រយ័ត្ន ខណៈនៅក្រុងវូហានវិញមានមនុស្សតិចណាស់ដែលពាក់ម៉ាស់។ ចំពោះអាការៈនៃជំងឺរលាកសួតអាថ៌កំបាំងនេះវិញ អ្នកឆ្លងមានអាការៈគ្រុនក្ដៅ ពិបាកដកដង្ហើមហើយឈឺចុកចាប់ក្នុងខ្លួន៕
ប្រភព៖ https://kohsantepheapdaily.com.kh/