ឈាមស្រែកស្បែកហៅ! ប្អូនថ្លៃសម្លាប់បងថ្លៃដោយចបកាប់រួចយកសពទៅកប់នៅក្រោយផ្ទះ

លោកវរសេនីយ៍ទោនួន សក្ដិចំរើន រិទ្ឋ បានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌនគរបាលក្រុងសៀមរាបទៅសហការជាមួយផែននគរព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ចាប់ជនសង្ស័យវាយសម្លាប់បងថ្លៃរបស់​ខ្លួននៅក្នុងក្រុងសៀមរាប​ កាលពីឆ្នាំ២០១៩​កន្លងទៅ ហើយបានគេចទៅលាក់ខ្លួនសម្ងំនៅឯ​ខេត្តពោធិ៍សាត់​ តែចាប់ខ្លួនបានហើយ។

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋឈ្មោះសុគុណ វីឡា ភេទស្រី អាយុ៣៩ឆ្នាំរស់នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប បានមករាយការណ៍ដល់សមត្ថកិច្ចយើងថា ខ្លួនបានបាត់ប្តីឈ្មោះញ៉ាង វណ្ណនី ភេទប្រុស អាយុ៤៣ឆ្នាំ ចាប់តាំងពីកំឡុងខែឧសភា ឆ្នាំ២០១៩មកម្លេះ ដោយមិនដឹងជាទៅទីណានោះទេ ក្រោយពីទទួលសេចក្តីរាយការណ៍កម្លាំងចំណុះ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ក៏បានជួយ​ស្រាវជ្រាវ​ និងប្រកាសស្វែងរក ។

លុះដល់នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៥:០០នាទីក៏មានសេចក្តីរាយការណ៍ពីលោកនាយប៉ុស្តិ៍សង្កាត់សំបួរថា នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប មានពំនូកដីមួយ មានធុំក្លិនស្អុយចេញពីពំនូកដីនៅរោងផ្ទះបាយ ខាងក្រោយផ្ទះឈ្មោះ ញ៉ាង់ វណ្ណនី ក្រោយពីទទួលសេចក្តីរាយការណ៍ លោកវរសេនីយ៍ទោនួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំង ចុះដល់កន្លែងកើតហេតុ​ នឹងបានជីកគាស់កន្លែងមានក្លិនស្អុយឡើង​ ទើបដឹងថាជាសាកសពរបស់មនុស្ស ។

ក្រោយពេលធ្វើកោសល្យវិច្ជ័យ​ ទើបសមត្ថកិច្ចយើងដឹងថា​ កន្លែងដែលមានក្លិនស្អុយកប់ក្នុងដីនោះ ជាសាកសព​មនុស្សស្លាប់​ ដោយអំពើឃាតកម្ម​ ដែលជនរងគ្រោះឈ្មោះញ៉ាង វណ្ណនី ភេទប្រុស អាយុ៤៣ឆ្នាំ​ ជាប្តីរបស់ឈ្មោះសុគុណ វីឡា ដែលបានបាត់ខ្លួនក្នុងកំឡុងខែឧសភា ឆ្នាំ២០១៩ កន្លងទៅ​។ បន្ទាប់ពីពិនិត្យសពរួចរាល់ហើយ យើងបានធ្វើការប្រគល់សព​ជូនគ្រួសារជនរងគ្រោះ​ យកទៅធ្វើបុណ្យតាមប្រពៃណី​ និងបានបើកការស្រាវជ្រាវ នឹងបំភ្លឺសាក្សីនៅជុំវិញកន្លែងកើតហេតុ។

បន្ទាប់ពីបានធ្វើការស្រាវជ្រាវ នឹងបំភ្លឺសាក្សីនៅជុំវិញកន្លែងកើតហេតុ​ កម្លាំងនគរបាលផ្នែកយុត្តិធម៍ក្រុងសៀមរាប បានធ្វើការកំណត់មុខសញ្ញា ជនសង្ស័យដែលប្រព្រឹត្តអំពើដ៏ព្រៃផ្សៃនេះបាន គឺមានឈ្មោះសុគុណ ច័ន្ទតារា ភេទប្រុស អាយុ៣២ឆ្នាំ ដែលត្រូវជាប្អូនបង្កើតរបស់ឈ្មោះសុគុណ វីឡា នឹងត្រូវជាប្អូនថ្លៃជនរងគ្រោះ​ ដែលបានគេចខ្លួនមុនពេលសមត្ថកិច្ចយើងចុះទៅដល់កន្លែងកើតហេតុ។

បន្ទាប់មកកម្លាំងនគរបាលផ្នែកព្រហ្នទណ្ឌក្រុងសៀមរាបយើង បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោក ជូ លឹមហ៊ាង ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប​ បានចេញដីកាលេខ៤៨៣ន.ខ.ស/ឈ បង្គាប់ឲ្យនាំខ្លួន​ ជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ លោកស្នងការ និងលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េតស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ​ នៃ​ស្នង​ការដ្ឋាននគរបាល ខេត្តសៀមរាប ។ លោកវរសេនីយ៍ឯក ណុប សារ៉ាក់​ អធិការនគរបាលក្រុងសៀមរាបជាអ្នកដឹកនាំផ្ទាល់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០​ បន្ទាប់ពីយើងបានធ្វើការកំណត់ទីតាំងរបស់ជនសង្ស័យខាងលើសំងំលាក់ខ្លួនបានហើយនោះថ្នាក់ដឹកនាំបានចាត់ លោកវរសេនីយ៍ទោ នួន ស័ក្តិចំរើន រិទ្ធ បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៍ សហការណ៍ ជាមួយកម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ​ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងយកមកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីធ្វើការសួរនាំ​។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយសម្លាប់ជនរងគ្រោះឈ្មោះញ៉ាង វណ្ណនី នឹងចបកាប់ ចំលលាដ៍ក្បាល ចំនួន០២ដង នឹងវាយត្រូវដៃបណ្តាលអោយបាក់ចំនួន០១ដង រួចអូសយកសពទៅកប់នៅផ្ទះខាងក្រោយផ្ទះពិតមែន។

មូលហេតុ​ មានទំនាស់ពេលផឹកស៉ី បណ្តាលអោយក្លាយជាគំនុំ រហូតឈាន​ដល់វាយសម្លាប់ជនរងគ្រោះ ។

ជនសង្ស័យ​ត្រូវបាននគរបាលក្រុងសៀមរាបនាំខ្លួនមកក្រុងសៀមរាបវិញ​ នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២០នេះ​ ហើយនាំទៅកន្លែងកើតហេតុ និងបានធ្វើការហូតវត្ថុតាង​ បានមួយចំនួន​ រួចបញ្ជូនទៅតុលាការ​នៅថ្ងៃខែឆ្នាំដដែលនេះ និងត្រូវបានតុលាការសំរេចឃុំខ្លួនតាមដីកាលេខ១០៦៦/២០២០ហើយផងដែរ៕