ញឹកញយតាមរថយន្តក្រុងពេក វៀតណាម៧នាក់នេះត្រូវអស់លក្ខណ
ខេត្តស្ទឹងត្រែង ៖ រថយន្តក្រុងគោលដៅទៅមកស្ទឹងត្រែង-វៀតណាមត្រូវកម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការដ្ឋាននករបាលខេត្តស្ទឹងត្រែងបង្ក្រាបក្រោយត្រួតពិនិត្យប្រទះឃើញឈើប្រណិតប្រភេទធ្នង់រាប់សិបដុំ និងបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៧នាក់ផងដែរ ។

ការចាប់បង្ក្រាបរថយន្តក្រុងវៀតណាម បង្កប់ដោយឈើប្រណិតល្មើសច្បាប់ខាងលើកម្លាំងសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចគោលដៅប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ជើងគោក ជិតផ្លូវចូលទៅទំនប់វារីអគ្គិសនីសេសាន្តក្រោម២ ស្ថិតក្នុងឃុំភ្លុក ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។

ទាក់ទិនការបង្ក្រាបនេះសមត្ថកិច្ចបានបង្ហើបអោយដឹងជំហានដំបូងថា រថយន្តក្រុងនេះបានផ្ទុកឈើប្រណិតដោយដឹកចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តរតនគិរី ឆ្ពោះទៅព្រំដែនចូលប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ។ សមត្ថកិច្ចបន្តថា បន្ទាប់មានការសង្ស័យកម្លាំងប្រចាំការគោលដៅ ក៏បានឃាត់រថយន្តក្រុងនេះត្រួតពិនិត្យ ហើយបានរកឃើញមានផ្ទុកសុទ្ធតែឈើប្រណិត ។ ក្រោយប្រទះឃើញបទល្មើសជាក់ស្តែងនៅក្នុងពេលនោះក៏បានឃាត់រថយន្តក្រុងនោះរួមទាំងជនជាតិវៀតណាមចំនួន៧នាក់ផងដែរ។

ប្រភពព័ត៌មានអោយដឹងថា ទម្រាំសមត្ថកិច្ចចាប់រថយន្តក្រុងលើនេះជាប្រចាំរៀងរាល់ថ្ងៃនៅពេលរថយន្តនោះលែងចេញពីខេត្តស្ទឹងត្រែងដោយមានការផ្លាស់ប្តូរជាមួយរថយន្តមួយគ្រឿងទៀតវិលជុំតែដឹកភ្ញៀវជនជាតិវៀតណាម៦ទៅ៧នាក់ប៉ុណ្ណោះ ។

លោក សុខ ស៊ីដា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបានបញ្ជាក់ថាឈើប្រណិតដែលបានរឹបអូសមានចំនួន៩៧ដុំស្មើ០,៥៥៣ម៉ែត្រគូបហើយបច្ចុប្បន្នរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើចំណែករថយន្តរក្សាទុកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។ លោកបន្តថា ដោយឡែកជនជាតិវៀតណាមសមត្ថកិច្ចសាកសួរទៅថាជាអ្នកដំណើរដូច្នេះគេក៍អោយត្រឡប់ទៅផ្ទះវិញដែរ៕
ប្រភព៖ https://kohsantepheapdaily.com.kh/