ដើម្បីចៀសវាងពីការវាយប្រហារ ក្រុមហ៊ុន Microsoft នឹងបញ្ចប់កម្មវិធី Adobe Flash Player នៅខែមករា ឆ្នាំ២០២១

ទីបំផុតក្រុមហ៊ុន Microsoft បានប្រកាសឈប់គាំទ្រកម្មវិធី Adobe Flash Player ឱ្យមាននៅក្នុងកម្មវិធី Web Browser របស់ខ្លួនរួមមាន Microsoft Edge (ទាំង Microsoft Edge v88 និង Microsoft Edge Legacy) និង Internet Explorer 11 ត្រឹមខែមករា ឆ្នាំ២០២១ ខាងមុខនេះ។ កម្មវិធី Flash Player ត្រូវបានប្រកាសឱ្យឈប់ប្រើប្រាស់តាំងពីអំឡុងឆ្នាំ២០១៧ មកម្លេះ រួមជានឹងក្រុមហ៊ុនផលិត Browser ដូចជា Apple, Google, Microsoft និង Mozilla ដោយឡែក មានតែ Facebook តែប៉ុណ្ណោះដែលនៅតែត្រូវការពឹងផ្អែកទៅលើ Flash Player ដើម្បីឱ្យហ្គេមមួយចំនួនអាចដំណើរការបាន។

ការសម្រេចចិត្តបែបនេះព្រោះតែចំនួនអ្នកប្រើប្រាស់កម្មវិធី Flash Player កំពុងមានការធ្លាក់ចុះ ហើយស្របពេលជាមួយនឹងបច្ចេកវិទ្យាបើកចំហថ្មីៗដែលមានសុវត្ថិភាព និងមានដំណើរការល្អជាងមុន ដូចជា HTML5, WebGL និង WebAssembly ជាដើម ដែលធ្វើឱ្យកម្មវិធី Flash Player លែងមានប្រជាប្រិយភាពដូចមុន។ ចាប់ផ្តើមនៅខែមករា ឆ្នាំ២០២១ កម្មវិធី Flash Player នឹងត្រូវបានបិទដោយស្វ័យប្រវត្តិ ហើយជាបន្តទៀតក្រុមហ៊ុននឹងដាក់ចេញនូវ “Update for Removal of Adobe Flash Player” តាមរយៈការធ្វើបច្ចុប្បន្នភាពនៅលើវិនដូ (Windows Update) ដែលនឹងលុបកម្មវិធី Flash ចោលផងដែរ។

សូមបញ្ជាក់ផងដែរថាកាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន Adobe ក៏បានប្រកាសឱ្យដឹងថា នៅពេល Flash ឈានដល់កាលបរិច្ឆេទបញ្ចប់ ក្រុមហ៊ុនមិនត្រឹមតែមានគម្រោងបញ្ឈប់ការផ្តល់ជូននូវការធ្វើបច្ចុប្បន្នភាព (Update) ប៉ុណ្ណោះទេ ហើយពួកគេក៏មានគម្រោងនឹងដកតំណទាញយក (Download Link) Flash Player ចេញពីគេហទំព័ររបស់ពួកគេផងដែរ ដើម្បីចៀសវាងកុំឱ្យអ្នកប្រើប្រាស់បញ្ចូលកម្មវិធី Flash ដែលអាចប្រឈមនឹងការវាយប្រហារថ្មីៗបន្តទៀត ជាពិសេសនៅពេលដែលក្រុមហ៊ុនបញ្ចប់ការធ្វើបច្ចុប្បន្នភាពនោះ៕

ប្រភព : Facebook