ដេកលក់ក៏ដេកទៅ គ្មានអ្នកណាទៅរំខានទេ កុំភ័យ!
ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រជាពលរដ្ឋជាច្រើនបានស្នើសុំឱ្យមានការបង្ក្រាបម៉ាស៊ីនអារឈើខុសច្បាប់របស់ស្តេចក្រាញ់ក្នុងតំបន់មួមកន្លែង បន្ទាប់ពីសង្កេតឃើញថា អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធហាក់ព្រងើយកន្តើយមិនធ្វើការបង្ក្រាប ខណៈម៉ាស៊ីនអារឈើរបស់ឈ្មួញត្រូវបានដឹងថា មិនមានច្បាប់អនុញ្ញាតិឡើយ។

យោងតាមប្រភពបានបង្ហើបថា ម៉ាស៊ីនរ៉ៃអារឈើរបស់មេឈ្មួញនោះ ត្រូវបានដឹងថា មិនមានច្បាប់អនុញ្ញាតិឡើយ ហើយចំពោះអាជ្ញាធរ និងសមត្ថកិច្ចជំនាញវិញហាក់ព្រងើយកន្តើយមិនយកចិត្តទុកដាក់បង្ក្រាបម្តងណាឡើយ។
ប្រភពបន្តថា ម្ចាស់ម៉ាស៊ីនរ៉ៃខុសច្បាប់នោះ ត្រូវបានស្គាល់ប្តីឈ្មោះ នៅ និងប្រពន្ធឈ្មោះ ណា នៅចំណុចភូមិវាលពន់ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយដំណើរការអារឈើច្រើនឆ្នាំមកហើយ គ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាមួយចាត់វិធានការបង្ក្រាបឡើយ។ លើសពីនេះទៅទៀត ប្រពន្ធរបសថៅកែម៉ាស៊ីនខុសច្បាប់នេះបានបើកលេងល្បែងស៊ីសង នៅក្នុងបរិវេណដាក់ម៉ាស៊ីនរបស់ខ្លួនទៀតផង។

មហាជនជាច្រើនបានលើកឡើងថា ក្នុងមូលដ្ឋានពួកគាត់នៅតែមានបទល្មើសព្រៃឈើកើតឡើងយ៉ាងអនាធិបតេយ្យ ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនដែលចាត់វិធានការទប់ស្កាត់បង្ក្រាបទាល់តែសោះ។ ម្យ៉ាងទៀតនៅចំណុចដែលឈ្មួញដាក់ម៉ាស៊ីនរ៉ៃអារឈើនោះ ក៏មានបើកលេងល្បែងបៀរអាប៉ោងយ៉ាងពេញបន្ទុកដែរ ចំណែកមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំ ថ្នាក់ស្រុក មិនចាត់វិធានការទប់ស្កាត់ឡើយ ទំនងចង់ទុកតាំងពិព័រណ៍គ្រាន់ទៅសាកសួរសុខទុក្ខម្តងម្កាលប្រចាំអាទិត្យ។
អត្ថបទ៖ https://kohsantepheapdaily.com.kh/