ដេញចាប់បុរស២នាក់ពេញខណ្ឌទួលគោក
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលខណ្ឌទួលគោកឃាត់ខ្លួនជាបន្តបន្ទាប់ ខណៈពេល ដែលជនសង្ស័យបានព្យាយាមរត់គេចខ្លួនឡើងលើដំបូលផ្ទះហើយ ផ្លោះពីមួយទៅមួយ។

ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ២និង៥០នាទីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ ២០២០ នៅចំណុចផ្លូវលេខ ១១៨ ក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក អស់រយៈពេល ប្រមាណកន្លះម៉ោងក្រោយមក ទើបនគរបាលព័ទ្ធចាប់បានម្នាក់ទៀតនៅពេលព្យាយាមរត់គេចខ្លួនឡើង លើដំបូលផ្ទះ។

ជនសង្ស័យទាំង២នាក់ខាងលើនេះពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ត្រូវបាននគរបាលបញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនភ្លាមៗ។

តាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលក្រសួងមហាផ្ទៃ បានដេញចាប់ខ្លួនជនសង្ស័យ២នាក់ដែលជិះម៉ូតូកង់៣តាំងពីផ្លូវណតប្រ៊ីដក្នុងមូលដ្ឋាន ខណ្ឌសែនសុខ ខណៈនោះជនសង្ស័យបានព្យាយាមជិះគេចខ្លួន រហូតមកដល់ចំណុចមុខ វិទ្យាស្ថានភាសាបរទេស បត់ចូលតាមផ្លូវលេខ១១៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ហើយរត់គេចខ្លួន ។

តាមប្រភពព័ត៌មានអោយដឹងទៀតថា ភ្លាមៗជនសង្ស័យ ម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និងម្នាក់ទៀតបានរត់គេចខ្លួនឡើងលើដំបូលផ្ទះ ខណៈនគរបាល និងអាជ្ញាធរ ស្ទើរតែមួយខណ្ឌទួលគោកបាននាំគ្នាឡោមព័ទ្ធ និងរុករកជនសង្ស័យ អស់រយៈពេលប្រមាណកន្លះម៉ោង ទើបត្រូវកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតនៅពេលព្យាយាមផ្លោះពីផ្ទះមួយទៅផ្ទះមួយ ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើរួចមក នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក៍បាននាំខ្លួនឡើងរថយន្តម៉ាឡិចស៊ិស ពាក់ស្លាកលេខ នគរបាល មួយគ្រឿង ហើយក៏មានការចម្រូងចម្រាស់គ្នា ដោយនគរបាលខណ្ឌទួលគោកចង់នាំខ្លួនសាកសួរសិន តែក្រោយមកក៏បានអនុញ្ញាតអោយនាំខ្លួនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីសាកសួរ ។

ទាក់ទិននឹងការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ នគរបាលពុំបានផ្តល់ព័ត៌មានលំអិតឡើយ ហើយគេពុំដឹងថា ជនដែលត្រូវឃាត់ខ្លួនជាជនសង្ស័យជួញដូរគ្រឿងញៀន ឬយ៉ាងណានោះទេ ៕ (កែសម្រួលដោយ ៖ ធីតា)


ប្រភព៖ https://kohsantepheapdaily.com.kh/