ដំណាំហូបផ្លែ៨មុខនេះ បើដាំជុំវិញផ្ទះល្អបំផុត គ្រួសារជួបតែសុខ នាំលាភនាំសំណាងយ៉៉ាងច្រើន$$
ដំណាំហូបផ្លែនានា ត្រូវបានគេនិយមដាំនៅក្បែរផ្ទះ បានជាម្លប់ត្រជាក់ និងផ្ដល់ផ្លែដ៏មានរសជាតិឆ្ងាញ់តាមការនិយមចូលចិត្តរៀងៗខ្លួន។ តាមជំនឿពីបរមបុរាណមក ការដាំដំណាំនៅក្បែរផ្ទះក៏អាចជះឥទ្ធិពលដល់ជីវិតគ្រួសារដែរ បើដាំផ្លែឈើមិនល្អ នោះគ្រួសារក៏ចេះតែជួបបញ្ហាមិនចេះចប់។ ខាងក្រោមនេះជាដំណាំហូបផ្លែ៨មុខ ត្រូវបានចាស់ៗជឿថានាំលាភសំណាង និងសិរីសួស្ដីដល់គ្រួសារ៖
១. ដើមត្របែក: តាមជំនឿ ប្រសិនបើយកត្របែកមកដាំនៅក្បែរផ្ទះក៏នឹងផ្ដល់សិរីមង្គល មានបារមី និងភាពចម្រុងចម្រើន ជួយឲ្យរួចផុតពីគ្រោះថ្នាក់ដោយការធ្វើអំពើផ្សេងៗទៀតផង។ តាមក្បួនតម្រារបស់ចាស់បុរាណគួរដាំត្របែកនៅទិសខាងជើងនៃផ្ទះ។ តាមការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រត្របែក ជាផ្លែឈើដែលមានជាតិវីតាមីន C ខ្ពស់និងផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់រាងកាយទៀតផង។

២. ដើមទទឹម: តាមជំនឿដូនតាខ្មែរ ជឿថាជាដើមតំណាងឲ្យភាពសម្បូរសប្បាយ បើដាំនៅមុខផ្ទះនឹងជួយការពារពីគ្រោះអាក្រក់ផ្សេងៗ។ ដើមទទឹមមានពណ៌សម្បុរស្រស់ស្អាត ចំណែកឯគ្រាប់របស់វាប្រៀបដូចជាត្បូងពេជ្រមានតម្លៃ ដែលត្រូវបានគេច្នៃម៉ូតទៅជាត្បូងទទឹម។ ហេតុដូចនេះហើយ ទើបគេជឿថា វាជាផ្លែឈើនាំភាពសម្បូររុងរឿងដល់គ្រួសារ។

៣. ដើមចេក: ដើមចេកមានអត្ថប្រយោជន៍គ្រប់បែបយ៉ាងតាំងពីស្លឹក ត្រយ៉ូង ដើមរបស់វា រហូតដល់ផ្លែមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ តែអាចយកកែច្នៃធ្វើជាអាហារបានយ៉ាងសម្បូរបែប។ តាមជំនឿពីសង្គមបុរាណ ចាស់ៗតែងឲ្យដាំដើមចេកក្បែរផ្ទះ ព្រោះជឿថា នាំឲ្យជីវិតក្នុងគ្រួសារជួបតែភាពរលូន មិនរកាំរកូសបែកបាក់គ្រួសារ ធ្វើអ្វី ប៉ងអ្វី ច្រើនតែសម្រេចដូចបំណង។ ជំនឿពីបុរាណឲ្យដាំនៅទិសខាងកើត ជាទិសល្អបំផុត។

៤. ដើមខ្នុរ: ខ្នុរមានរសជាតិផ្អែមឆ្ងាញ់ ថែមទាំងមានក្លិនក្រអូបឈ្មុយពេលដែលវាចាប់ផ្ដើមទុំ។ ចំណែកដើមរបស់វា គេអាចច្នៃទៅជាឧបករណ៍ភ្លេងបុរាណខ្មែរទៀតផង។ តាមជំនឿបើដាំដើមខ្នុរក្បែរផ្ទះនឹងនាំឲ្យគ្រួសារមានសិរីមង្គល រួចផុតពីការច្រណែននិន្ទា សត្រូវជិតឆ្ងាយប្រែក្លាយជាមិត្ត។ គួរដាំនៅទិសខាងត្បូងឆៀងខាងលិច នឹងជួយឲ្យការងារឆាប់ទទួលបានជោគជ័យដែលខំប្រឹងប្រែងមកជាយូរហើយនោះ។

៥. ដើមស្វាយោ: ចាស់បុរាណមានជំនឿថា ដាំដើមស្វាយក្បែរផ្ទះនឹងជួយបណ្ដេញគ្រោះអាក្រក់ មនុស្សអាក្រក់ និងរឿងមិនល្អឲ្យខ្ចាត់ខ្ចាយពីគ្រួសារ។ បើដាំនៅខាងត្បូងផ្ទះ នឹងជួយឲ្យម្ចាស់ផ្ទះឆាប់ឡើងតំណែង ប្រកបការងារ និងមុខរបរផ្សេងៗមានចម្រុងចម្រើន។

៦. ដើមកន្ទួត: កន្ទួតជាផ្លែឈើអាចហូបធ្វើជាម្ជូរលាងមាត់យ៉ាងឆ្ងាញ់ពិសា។ ស្លឹករបស់វាក៏អាចច្នៃធ្វើជាបន្លែផ្ទាប់ៗជាមួយមុខម្ហូបផ្សេងមានរសជាតិឆ្ងាញ់។ ដាំនៅក្បែរផ្ទះជួយឲ្យមានអ្នកស្រឡាញ់រាប់អានច្រើន ជួយការពារពីសត្រូវ ខ្មោចព្រាយតាមយាយីអ្នកនៅរស់នៅក្នុងផ្ទះ។ គួរដាំនៅទិសខាងលិចដើម្បីជួយលើករាសី។

៧. ផ្លែក្រូច: បើយកមកដាំក្នុងទីធ្លាផ្ទះនឹងជួយឲ្យគ្រួសារមានភាពត្រជាក់ត្រជំ ស្រឡាញ់សាមគ្គីគ្នា មានជោគលាភ រួចផុតពីគ្រោះអាក្រក់ទាំងពួង។

៨. ពុទ្រា: ដំណាំពុទ្រាក៏ជានិមិត្តសញ្ញាតំណាងភាពជោគជ័យ និងជួយបង្កើនទ្រព្យសម្បត្តិនិងជោគលាភ ក៏ដូចជាការពារគ្រោះថ្នាក់ អន្តរាយផ្សេងៗសម្រាប់អ្នករស់នៅក្នុងផ្ទះ។ ជាពិសេសជាផ្លែឈើ មានរសជាតិជូរអែម ត្រូវមាត់មនុស្សភាគច្រើនចូលចិត្តពិសា៕

By:Bonny From: https://news.sabay.com.kh