ដំណឹងដ៏គួរឱ្យសោកស្តាយ! ផ្សោតលេខកូដ ០៣៥ ដែលនៅសេសសល់ចុងក្រោយបំផុតនៅអន្លង់ឈើទាល បានស្លាប់ហើយ

ជាដំណឹងដ៏គួរឱ្យសោកស្តាយបំផុត ដែលផ្សោតលេខកូដ ០៣៥ ដែលនៅសេសសល់ចុងក្រោយតែមួយគត់នៅអន្លង់ឈើទាល បានស្លាប់ហើយ ហើយបើតាមការប៉ាន់ស្មាន គឺអាចស្លាប់តាំងពីថ្ងៃទី១២ ខែកុម្ភៈ មកម្ល៉េះ តែក្រុមការងារទើបតែឃើញសាកសពវាអណ្តែតនៅថ្ងៃនេះ។ នេះបើតាមលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក អ៊ុក វិបុល បានថ្លែងដោយក្តីសោកស្តាយថា ៖ “ផ្សោតមួយនេះ បានស្លាប់ហើយ ហើយក៏ជារឿងដ៏គួរឱ្យសោកស្តាយផងដែរសម្រាប់ក្រុមការងារអភិរក្ស ក៏ដូចជាកម្ពុជាទាំងមូល។ ការស្លាប់របស់ផ្សោតនេះ គឺមានន័យថាតំបន់អន្លង់ឈើទាល នៃព្រំដែនខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ប្រទេសឡាវ លែងមានផ្សោតរស់នៅទៀតហើយ”។

លោក ស្រី សមវិចិត្រ នាយខណ្ឌស្ដីទី នៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដឹងនៅល្ងាចថ្ងៃនេះផងដែរថា ៖ “នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៤ និង២០នាទីទៀបភ្លឺ មានប្រជានេសាទឈ្មោះ ជា តា ភេទប្រុស អាយុ៥២ឆ្នាំ បានប្រទះឃើញសាកសពផ្សោត អណ្តែតទឹកនៅចំណុចថ្មកាំងក្បាលភូមិកោះល្ង ហើយលោកក៏បានជូនដំណឹងនេះទៅកាន់ឆ្មាំទន្លេអភិរក្សសត្វផ្សោតអន្លង់ឈើទាល ក៏បានទៅទទួលយកសាកសពផ្សោតរក្សាទុកនៅ ក្បាលកោះល្ង ភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ បន្ទាប់ពីបានពិនិត្យ និងរៀបចំទុកដាក់សាកសពផ្សោត ឆ្មាំទន្លេក៏បានជូនព័ត៌មានបន្តមកមន្រ្តីទទួលបន្ទុកការងារផ្សោតនៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឲ្យដឹងថា សត្វផ្សោតដែលស្លាប់នេះមានទំងន់ប្រមាណ ១១០គីឡូក្រាម មានប្រវែង ២,៣៤ សង់ទីម៉ែត្រ និងបានបញ្ជាក់ពីឆ្មាំទន្លេ មូលហេតុនៃស្លាប់នេះគឺដោយសារកន្ទុយផ្សោតមានរុំជាប់ទៅដោយមងរហែក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដែលឆ្មាំទន្លេអភិរក្សសត្វផ្សោតបានព្យាយាមជួយសង្រ្គោះដើម្បីដោះមងចេញពីកន្ទុយ តែជួយមិនបានសម្រេចឡើយ ដែលជាហេតុបណ្តាលឲ្យផ្សោតមួយក្បាលនេះមិនអាចផ្លាស់ទី និងដេញចាប់ចំណីដោយប្រើកន្ទុយមិនបានលឿន ម្យ៉ាងផ្សោតនេះក៏មានវ័យចាស់ផងដែរ”។

លោក ស្រី សមវិចិត្រ បានបន្ថែមថា ក្រោយពីធ្វើការត្រួតពិនិត្យជាក់ស្តែងពីក្រុមអភិរក្សសត្វផ្សោត នៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងបុគ្គលិកអង្គការ WWF បានបញ្ជាក់ឱ្យដឹងច្បាស់ថា ផ្សោតមួយក្បាលនេះ ជាផ្សោតឈ្មោល មានអាយុជាង ២០ឆ្នាំ ហើយក៏ជាផ្សោតចុងក្រោយបំផុតនៅអន្លង់ឈើទាលនេះផងដែរ។

លោក គង់ ចាន់ធី ប្រធានបណ្តាញសហគមន៍នេសាទ នៅស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជាប់ព្រំដែនប្រទេសឡាវ បានឱ្យ AKP ដឹងនៅថ្ងៃនេះផងដែរថា ៖ “ខ្ញុំសូមចូលរួមសោកស្តាយជាពន់ពេក បន្ទាប់ពីលឺដំណឹងនេះ ហើយសម្រាប់ខ្លួនខ្ញុំ និងសហគមន៍នៅទីនេះ ពិតជាមានក្តីក្រៀមក្រំណាស់ ព្រោះថាសត្វផ្សោតទន្លេមេគង្គត្រូវបានប្រជាជនកម្ពុជាគោរព និងចាត់ទុកថាជាសត្វដ៏ពិសិដ្ឋព្រោះវាជាចំណែកដល់ការគាំទ្រដល់ការចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍នៅទីនេះ ដោយផ្តល់នូវប្រភពសម្រាប់រកប្រាក់ចំណូល និងការងារយ៉ាងសំខាន់មួយដល់សហគមន៍ដែលប្រកបរបរទេសចរណ៍ធម្មជាតិមើលសត្វផ្សោត”។

លោក អ៊ុក វិបុល បានបញ្ជាក់បន្ថែមថា រដ្ឋបាលជលផល និងសហការជាមួយអង្គការWWF ដើម្បីកសាងរូបសំណាកសត្វផ្សោត នៅច្រាំងទន្លេនៃតំបន់អន្លង់ឈើទាលនេះ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានដឹងថា នៅទីនេះធ្លាប់មានផ្សោតរស់នៅ។ ដោយឡែក សាកសពសត្វផ្សោតនេះ ក្រុមការងារ និងយកមករក្សាទុកនៅខណ្ឌរដ្ឋបាលក្រចេះជាបណ្តោះអាសន្នសិន។ ទន្ទឹមនឹងនេះ យើងនឹងបន្តយកចិត្តទុកដាក់ការពារផ្សោតនៅតាមអន្លង់ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជាយើង ឱ្យបានគង់វង្ស ជានិរន្ត៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online