ឌឺដង​ដាក់​គ្នា​ចុះឡើង​ៗ ទ្រាំ​លែង​បាន វាយតប់​គ្នាតាមផ្លូវ​​សហព័ន្ធរុស្ស៊ី​

រាជធានី​ភ្នំពេញ ៖ យុវជន​២​ក្រុម​ជិះ​ម៉ូតូ​ជួប​គ្នា ក៏​ឌឺដង​ពាក្យ​សំដី​ដាក់​គ្នា រួច​វាយតប់​គ្នា បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០២០ ត្រង់​ចំណុច​ទល់មុខ​ឱសថស្ថាន​មួយ​កន្លែង នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុងភូមិ​ព្រៃ​ជីសាក់​ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យុវជន​ទាំង​២​ក្រុម​ខាងលើ​នេះ​មាន​គ្នា​សរុប​៥​នាក់ មិន​ស្គាល់ឈ្មោះ​នោះ​ទេ ដោយ​ភាគី​ម្ខាង​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​២​គ្រឿង និង​ភាគី​ម្ខាង​ទៀត​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ភាគី​ខាង​យុវជន​ដែល​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ខាងលើ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​ភាគី​ខាង​យុវជន​ដែល​មាន​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ទិស​ដៅ ស្របគ្នា ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បន្ទាប់​មក​ភាគី​ខាង​យុវជន​៣​នាក់ បាន​បើក​វ៉ា​មក​ទន្ទឹម និង​មើល​មុខ រួច​ឌឺដង​ដាក់​ភាគី​ខាង​យុវជន​២​នាក់ បាន​វាយ​ម្នាក់​បណ្តាល​ឱ្យ​ដួល​ម៉ូតូ ហើយ​ម្នាក់​ទៀត​ឈប់​ជួយ​លើក​ម៉ូតូ ក៏​ត្រូវ​ភាគី​ខាង​យុវជន​ដែល​មាន​គ្នា​៣​នាក់ បាន​បក​ត្រឡប់​ក្រោយមក​វាយ​យុវជន​ទាំង​២​នាក់ ដែល​កំពុង​ជួយ​លើក​ម៉ូតូ ហើយ​យុវជន​ទាំង​២​នាក់​យក​មួយ​សុវត្ថិភាព​វាយតប​ទៅ​វិញ បណ្តាល​ឲ្យ​ភាគី​ខាង​យុវជន​ដែល​មាន​គ្នា​៣​នាក់ រង​របួស​បែកក្បាល​ម្នាក់ ហើយ​បាន​នាំ​គ្នា​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ភ្លាម​ៗ​ផង​ដែរ ដោយ​ទុក​ឲ្យ​ម្នាក់ ទាក់ទង​ទៅ​បងប្អូន​មក​កន្លែង​កើតហេតុ​ភ្លាម និង​ប្តឹង​ទៅ​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ឃាត់​យុវជន​២​នាក់​ខាងលើ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ភ្លាម​ៗ​ផង​ដែរ​។

សមត្ថកិច្ច​បាន​ទៅ​មើល​អ្នក​ដែល​រង​របួស​ម្នាក់​នៅ​គ្លីនិក​ឯកជន​ជិត​រង្វង់​មូល​ចោម​ចៅ ដោយ​រង​របួស​បែកក្បាល និង​នាំ​ក្មេង​ទំនើង​ម្នាក់​ដែល​បែកក្បាល​ខាងលើ​ទៅ​កាន់​បុ​ស្តិ៍​នគរបាល​ទាំងអស់​គ្នា ដើម្បី​សួរ​រក​ហេតុផល​ភ្លាម​ៗ​ផង​ដែរ ។ ចំណែក​សមត្ថកិច្ច​បាន​សាកសួរ​នៅ​ជុំវិញ​កន្លែង​កើតហេតុ​ដឹង​ថា ភាគី​ខាង​យុវជន​ដែល​មាន​គ្នា​៣​នាក់ បាន​រករឿង​គេ​មុន ទើប​គេ​វាយ​ការពារ​ខ្លួន និង​បណ្តាល​ឲ្យ​រង​របួស​ភាគី​ខាង​យុវជន​បង្ក​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​សាកសួរ​ភាគី​ទាំង​សងខាង​រួច​ហើយ ភាគី​ខាង​យុវជន​ដែល​មាន​គ្នា​២​នាក់ សុខចិត្ត​ជួយ​ចេញថ្លៃ​ព្យាបាល​ចំនួន​២០​ម៉ឺន​រៀល ដើម្បី​បញ្ចប់រឿង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ដោយ​មិន​ប្តឹងផ្តល់​គ្នា​អ្វី​ទាំងអស់ និង​ធ្វើ​កិច្ចសន្យា​អោយ​អាណាព្យាបាល​ធានា រួច​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទ៖  https://kohsantepheapdaily.com.kh/

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online