តួកគីគ្រោងនឹងចេញច្បាប់ថ្មី ចំពោះមនុស្សប្រុសណាដែលចាប់រំលោភក្មេងស្រីក្រោមអាយុ ១៨​ ឆ្នាំ​ អាចនឹងរួចផុតពីការដាក់ទោស ប្រសិនបើពួកគេព្រមធ្វើរឿងមួយនេះ

តួកគី៖ យោងតាមប្រភពសារព័ត៌មាន Dailymail បានចុះផ្សាយថា នាចុងខែមករានេះ សមាជិកសភាពតួកគីគ្រោងនឹងដាក់ចេញនូវច្បាប់ថ្មីរបស់ខ្លួន ដែលអនុញ្ញាតឲ្យបុរសដែលរងការចោទប្រកាន់ពីបទរំលោភក្មេងស្រីក្រោមអាយុ ១៨ឆ្នាំ អាចជៀសផុតពីការដាក់ទោស ប្រសិនបើពួកគេរៀបការជាមួយជនរងគ្រោះ។

ច្បាប់ថ្មីនេះ សមាជិកសភាគ្រោងនឹងស្នើដល់រដ្ឋសភានៃប្រទេសតួកគី ឲ្យមានការជជែកវែកញែកមុននឹងឈានដល់ការសម្រេចដាក់ឲ្យប្រើប្រាស់ច្បាប់ជាផ្លូវការណ៍ នៅចុងខែមករានេះ។

សភាទួរគី

ជុំវិញរឿងរ៉ាវនៃការបង្កើតច្បាប់មួយនេះ មានក្រុមអ្នករិះគន់ជាច្រើនបានបញ្ជេញមតិបដិសេធមិនគាំទ្រនឹងច្បាប់ថ្មីនេះឡើយ។ ដោយយល់ថា ប្រសិនបើច្បាប់មួយនេះអាចដំណើការបានមែននោះ ករណីរំលោភលើក្មេងស្រីមិនទាន់គ្រប់អាយុនឹងកើតមានកាន់តែច្រើន ហើយអាចបង្កហានិភ័យដល់ក្មេងស្រីដទៃទៀត នាពេលអនាគត។

ទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិ ក៏បានព្រមានថា ច្បាប់ដែលអនុញ្ញាតឲ្យបុរសរំលោភសេពសន្ថវៈលើកុមារដោយស្របច្បាប់ ដោយមិនមានការដាក់ទោសទណ្ឌបែបនេះ នឹងធ្វើឲ្យជនរងគ្រោះកាន់តែងាយរងគ្រោះ។

ពាក់ព័ន្ធក្នុងច្បាប់នេះដែរ សមាជិកសភារបស់គណបក្សប្រឆាំងមួយ ក៏បានថ្កោលទោសដោយព្រមានថាច្បាប់ថ្មីនេះ នឹងនាំឱ្យមានការរំលោភសិទ្ធិលើការសម្រេចចិត្តរបស់ជនរងគ្រោះ ដែលបង្ខំឲ្យពួកគេរៀបការជាមួយនឹងជនដែលរំលោភខ្លួន មួយវិញទៀត ក៏ដូចជាលើកទឹកចិត្តដល់ការរំលោភបំពានផ្លូវភេទផងដែរ។

ដោយមានការជំទាស់នឹងច្បាប់ថ្មីនេះ គណបក្សប្រជាធិបតេយ្យប្រជាជន (HDP) មួយ របស់តួកគី ក៏កំពុងជំរុញដល់រដ្ឋាភិបាលឱ្យទម្លាក់សំណើនៃច្បាប់ថ្មីនេះផងដែរ។

គួរឲ្យដឹងដែរថា ច្បាប់ស្រដៀងគ្នានេះ ក៏ធ្លាប់មានការដាក់ស្នើដល់សភាតួកគីម្ដងហើយ កាលពីឆ្នាំ ២០១៦ កន្លងទៅ ប៉ុន្តែត្រូវដកចេញវិញ បន្ទាប់ពីមានការជំទាស់ និងមិនយល់ស្របពីសំណាក់មហាជនជាច្រើនជុំវិញពិភពលោក៕

អត្ថបទ៖  https://kohsantepheapdaily.com.kh/