តើរដ្ឋគិតពន្ធ២០% លើចំណេញមូលធនយ៉ាងម៉េច? បើអចលនទ្រព្យមួយ មិនដឹងថ្លៃដើមច្បាស់នោះ !

តាមការបញ្ជាក់ពីលោកគង់ វិបុល គឺចាប់ពីដើមឆ្នាំ២០២១ទៅ អគ្គនាយកពន្ធដារ នឹងធ្វើការប្រមូលពន្ធលើចំណេញមូលធន ដែលការយកពន្ធប្រាក់ចំណេញលើអចលនទ្រព្យ និងពន្ធប្រាក់ចំណេញមូលធននេះ គឺមិនមែនជាពន្ធថ្មីដែលទើបបង្កើតឡើយ តែរដ្ឋាភិបាលបានបង្កើតពន្ធប្រភេទនេះ នៅក្នុងច្បាប់ថវិកាជាតិ តាំងឆ្នាំ២០១០ មកម្ល៉េះ ហើយឱ្យអនុវត្តការយកពន្ធនេះនៅក្នុង ឆ្នាំ២០២០។ ប៉ុន្តែ ដោយសារត្រូវការពេលវេលាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់អ្នកមានជាប់កាតព្វកិច្ចបង់ពន្ធនេះ រាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តនៅដើមឆ្នាំ២០២១។

ក្នុងនោះផងដែរ បន្ទាប់មានការប្រកាស ព័ត៌មានចេញព្រោងព្រាត បងប្អូនមួយចំនួន ហាក់មានមន្ទិលសង្ស័យ ពីការប្រមូលពន្ធនេះ ដោយអ្នកខ្លះបានលើកឡើងថា តើអចលនទ្រព្យដែលមិនច្បាស់លាស់ថ្លៃដើម តើត្រូវគិតពន្ធលើប្រាក់ចំណេញយ៉ាងម៉េច មានវិធីសាស្រ្ដអ្វីខ្លះ? 

ឆ្លើយតបទៅកាន់សំណួរនេះ ឯកឧត្តម កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋាន​ពន្ធដារ​បានគូសបញ្ជាក់​នៅក្នុង​​កិច្ចសម្ភាសន៍​មួយ ដែលរៀបរៀង​ដោយ​អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា «​ករណី ថ្លៃដើមឬក៏ថ្លៃទិញអចលនទ្រព្យ ទិញយូរហើយមិនបានរក្សាទុកឯកសារឬវិក័យប័តអីទេ គឺយើងអាចប្រើប្រាស់វិធីចំណាយតាមការកំណត់ ដោយឱ្យម្ចាស់ដើមទទួលបាន៨០% ហើយសល់២០% យកមកគណនា និង២០% បង់ពន្ធលើប្រាក់ចំណេញ» 

ជាឧទាហរណ៍ បើអ្នកលក់ផ្ទះ១ខ្នង​បាន​ក្នុងតម្លៃ ១លាន​ដុល្លារ នោះ នឹងរដ្ឋ​នឹង​យក​តម្លៃ ២០% នៃតម្លៃ​ផ្ទះនោះ មកគិតពន្ធ ២០% ដែលបាន​កំណត់ ដូច្នេះ បើអ្នកលក់ផ្ទះនោះ បាន​ក្នុងតម្លៃ១លានដុល្លារ នោះ​អ្នកនឹងត្រូវបង់​ពន្ធ​ចំណេញ​មូលធននេះ ៤ម៉ឺនដុល្លារ។

លោកក៏បានបញ្ជាក់ផងដែរថា ក៏គិតពន្ធនេះ ខាតក៏អាចថាបាន តែមិនគិតពន្ធទេ តែត្រូវមានឯកសារជាក់ស្ដែង ដែលគាំទ្រអាចទទួលយកបាន។ ដូច្នេះមានន័យថា ពន្ធចំណេញ​មូលធន​ ២០% លើ​ការលក់​អចលនវត្ថុនេះ នឹង​ត្រូវប្រមូល​តែក្នុង​ករណី​ប្រតិបត្តិការ​លក់​អចលនវត្ថុណា ដែលទទួល​បានប្រាក់​ចំណេញ​តែប៉ុណ្ណោះ ប៉ុន្តែបើ​ក្នុងករណី​ប្រតិបត្តិការ​លក់អចលនវត្ថុ​ណា ដែលមិន​ទទួល​បាន​ប្រាក់​ចំណេញនោះ នឹងមិន​ជាប់កាតព្វកិច្ច​ពន្ធ​នេះឡើយ។

ឯកឧត្តម កែន សម្បត្តិ បានបញ្ជាក់​បន្ថែមទៀត​ថា រាជរដ្ឋាភិបាល ក៏​នឹងមាន​ការលើកលែង​ផងដែរ ចំពោះ​ការលក់​ ឬផ្ទេរទ្រព្យ​មួយ​ចំនួន​ដូចជា ​ប្រភេទ​ទ្រព្យ​ដែលជាកម្មសិទ្ធិ​ស្ថាប័នរដ្ឋ ទ្រព្យដែល​កម្មសិទ្ធិ​បេសកកម្ម​ការទូត​បរទេស ឬកុងស៊ុល​បរទេស និង អង្គការ​អន្តរជាតិ ឬទីភ្នាក់ងារ​ប្រតិបត្តិការ​បច្ចេកទេស នៃរដ្ឋាភិបាល​ដទៃ និង​និវាសដ្ឋាន​ដែលជាគោល​ដើម​របស់អ្នក​ជាប់ពន្ធ​ដែលបាន​កាន់កាប់ និងរស់​នៅ​រយៈពេល​៥ឆ្នាំ ​ក៏នឹង​ទទួលបាន​ការ​លើកលែង​ពន្ធ​នេះដែរ ប៉ុន្ដែលើកលែង​​តែសម្រាប់​ការលក់​អចលនវត្ថុ​ទីមួយ​ប៉ុណ្ណោះ មិនអាច​អនុវត្ត​ចំពោះ​ការលក់​អចលនវត្ថុទី២ ឬ ទី៣​នោះទេ។ ចំពោះ​ការ​ផ្ទេរ​អចលនទ្រព្យ​រវាង​សាច់ញាតិ​ដែលមានការ​លើកលែង​នៅក្នុង​ពន្ធ​ប្រថាប់ត្រា នោះក៏នឹង​ទទួលបាន​ការលើកលែង​លើពន្ធ​លើ​ចំណេញ​មូលធននេះផងដែរ ដូចជា​ការទទួលសិទ្ធិ ឬសិទ្ធិ​កាន់កាប់​ពីសាច់​ញាតិ​រវាងឪពុក- ម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ និង រវាង​យាយ-តាបង្កើត និងចៅបង្កើត​ជាដើម។

By: Bonny From: https://www.business-cambodia.com