តើអ្នកដឹងទេថាការធ្វើទឹកផ្លែឈើទាំង5ប្រភេទនេះជួយសម្រួលដល់បញ្ហាទល់លាមក ?

ការទទួលទានទឹកមិនគ្រប់គ្រាន់, អាហារដែលទទួលទានជាប្រចាំមិនមានជាតិសរសៃគ្រប់គ្រាន់, រោគសញ្ញានៃជំងឺពោះវៀន, មហារីកពោះវៀនធំ, អង្គុយយូរពេក, ជាតិអាល់កុល, ស្ត្រេស, មានផ្ទៃពោះ, ការប្រើឱសថ, ប្តូររបបអាហារភ្លាមៗ, ជំងឺទឹកនោមផ្អែម ឬ ជំងឺផ្សេងៗមួយចំនួនទៀត អាចជាមូលហេតុដែលនាំឱ្យអ្នកប្រឈមនឹងការកើតអាការទល់លាមក។ សូមកុំគិតថាអាការទល់លាមកជារឿងធម្មតា ប៉ុន្តែត្រូវគិតថារាល់បញ្ហាដែលកើតមានចំពោះសុខភាពអ្នកត្រូវតែប្រញាប់ស្វែងរកដំណោះស្រាយ ហើយបើអ្នកជាមនុស្សម្នាក់ក្នុង ចំណោមមនុស្សមួយចំនួនទៀត ដែលកំពុងមានបញ្ហាទល់លាមកនោះឡារ៉ែន សូមណែនាំឱ្យអ្នកសាកល្បងទទួលទានទឹកផ្លែឈើទាំង5 ប្រភេទដូចខាងក្រោមនេះ៖

ទឹកផ្លែព្រូន : ផ្លែព្រូន 5ផ្លែ ត្រាំទឹកក្តៅឧណ្ហៗ5នាទី រួចបកសម្បកនិងយកគ្រាប់ចេញ, ទឹកឃ្មុំកន្លះស្រាបព្រាបាយ, ម្សៅ Cumin កន្លះស្លាបព្រា បាយនិងទឹកក្តៅតិចៗ1ពែង ដាក់ចូលក្នុងម៉ាស៊ីនក្រឡុកចូលគ្នា រួចទទួលទាន។

ទឹកផ្លែសារី: ក្រឡុកផ្លែសារីជាមុនសិន បន្ទាប់មកចាក់ដាក់ចូលកែវរួច សឹមដាក់ទឹកក្រូចឆ្មារ (2ស្លាបព្រាកាហ្វេ) និងអំបិលបន្តិចចូលរួចកូរវាឱ្យរលាយចូលគ្នាមុនទទួលទាន។

ទឹកផ្លែប៉ោម : ប៉ោមមួយផ្លែចិតសម្បក និងយកគ្រាប់ចេញ, ម្សៅ Fennel កន្លះស្លាបព្រាកាហ្វេ និងទឹកកន្លះពែង ដាក់ក្រឡុកចូលគ្នាជាការស្រេច រួមសឹមយកមកទទួលទាន។

ទឹកក្រូច : ដោយគ្រាន់តែយកសាច់ក្រូចទៅច្របាច់ឬកិនដោយម៉ាស៊ីនក្រឡុក។ មុនពេលទទួលទានគ្រាន់តែបន្ថែមអំបិលបន្តិចហើយកូរវាឱ្យរលាយចូលគ្នានោះអាចទទួលទានបានហើយ។

ទឹកក្រូចឆ្មារ : យកទឹកក្តៅឧណ្ហៗមួយពែង បន្ថែមក្រូចឆ្មារមួយចំហៀងផ្លែ ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និងម្សៅ Cumin កន្លះស្លាបព្រាកាហ្វេ កូរឱ្យរលាយចូលគ្នាមុនទទួលទាន។

សូមបញ្ជាក់ថា ផ្លែឈើទាំង5ប្រភេទខាងលើនេះសុទ្ធតែជាប្រភេទផ្លែឈើដែលមានជាតិកាកសរសៃ វីតាមីនC និងជាតិរ៉ែខ្ពស់ អាចជួយដល់ការរំលាយអាហារ ជួយបណ្តេញជាតិពុលចេញមកខាងក្រៅ និងជួយសម្រួលដល់ការធ្វើការរបស់ពោះវៀនធំយ៉ាងល្អប្រសើរ។ ដ្បិតថាទឹកផ្លែឈើទាំងនេះមានសមត្ថភាពក្នុងការជួយសម្រួលដល់អាការទល់លាមកក៏ពិតមែន តែវាក៏អាចផ្តល់នូវលទ្ធផលអវិជ្ជមានមួយចំនូនដែរដូចជា កម្រិតជាតិស្ករក្នុងឈាមកើនឡើង ដែលអាចធ្វើឱ្យមានផលវិបាកសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ហើយសម្រាប់អ្នកដែលមានបញ្ហារលាកពោះវៀនវិញគឺអាចនឹងមានការប៉ះពាល់ខ្លះដែរ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាទាំងពីរប្រភេទដូចរៀបរាប់នេះគួរតែស្វែងរកវិធីនៃការកម្ចាត់បញ្ហាទល់លាមកដោយវិធីផ្សេងវិញល្អជាង។

ក្រៅពីទឹកផ្លែឈើទាំង5មុខខាងលើនេះហើយ អ្នកក៏គួរតែបន្ថែមសារធាតុអាហារសំខាន់ៗមួយចំនួនទៀតដូចជា ផ្លែឈើ ផ្លែចេក ផ្លែឪឡឹក និងផ្លែល្ហុងជាដើម, បន្លែ ដូចជា (ស្ពៃ ប្រូខូលី ការ៉ុត និងឆៃថាវជាដើម, ប្រូតេអុីន សណ្តែកគ្រប់ប្រភេទ ធញ្ញជាតិ ខ្លាញ់ និងប្រេងអូលីវ) ព្រមទាំងសារធាតុរាវ (ទឹក ទឹកដូង ទឹកដោះគោ និងទឹកផ្លែឈើស្រស់ជាដើម)៕

By: Bonny

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online