តោះមកដឹងទំនាក់ទំនងរវាងឡាវ និងវៀតណាម
បើគិតទៅ ទំនាក់ទំនងរវាងឡាវ និងវៀតណាមមានប្រវត្តិយូរអង្វែង ដោយសារតែជាប្រទេសជាប់របងគ្នា។ ក៏ប៉ុន្តែទំនាក់ទំនងសម័យទំនើបរវាងប្រទេសទាំងពីរ គឺចាប់ផ្ដើមពីការតស៊ូទាមទារឯករាជ្យពីបារាំង ដែលជាអាណាព្យាបាលរួមរបស់ឡាវ និងវៀតណាម (ព្រមទាំងកម្ពុជាផង) ដែលជាប្រទេសស្ថិតនៅក្នុងតំបន់ឥណ្ឌូចិនជាមួយគ្នា។ នៅឆ្នាំ១៩៧៥ ទំនាក់ទំនងនេះកាន់តែជ្រាលជ្រៅ គឺនៅពេលដែលវៀតណាមខាងជើងបានវាយបង្រួបបង្រួមវៀតណាមខាងត្បូងរួចដាក់ប្រព័ន្ធកុម្មុយនីសរួម ហើយនៅឆ្នាំដដែលនោះ ពួកចលនាកុម្មុយនីសផាថេតឡាវ (Pathet Lao) ក្រោមការជ្រោមជ្រែងរបស់វៀតណាម បានប្រយុទ្ធឈ្នះរហូតឡើងកាន់អំណាចនៅឡាវដែរ។
ដោយសារតែការតស៊ូជាមួយគ្នា ដែលពេលខ្លះវៀតណាមត្រូវបញ្ជូនទាហានទៅប្រយុទ្ធក្នុងដីឡាវ និងការជួយជ្រោមជ្រែងរបស់វៀតណាមចំពោះឡាវនេះហើយទើបលោក ខាំតៃ ស៊ីផាន់ដុន (Khamtay Siphandon) អតីតប្រធានាធិបតីឡាវបាននិយាយថា៖ «នៅក្នុងប្រទេសឡាវ គ្មានឡើយកន្លែងដែលគ្មានដានជើងទាហានស្ម័គ្រចិត្ត និងទីប្រឹក្សាវៀតណាម (In Laos, there are no places without the footprints of Vietnamese volunteer soldiers and advisors)»។ ចំណែកលោក កៃសន ភូមិវិហាន (kaysone phomvihane) អតីតប្រធានាធិបតីឡាវម្នាក់ទៀត ក៏ធ្លាប់បានពិពណ៌នាភាពស្អិតរមួតនៃទំនាក់ទំនងឡាវ និងវៀតណាមយ៉ាងដូច្នេះថា៖ «ទន្លេអាចរីងស្ងួត ហើយភ្នំអាចរលាយ ប៉ុន្តែក្ដីស្រឡាញ់ និងការដឹងគុណរវាងប្រជាជនវៀតណាម និងឡាវនឹងនៅឋិតថេររៀងរហូត (Rivers may dry up and mountains may wear out, but the Vietnamese and Lao people’s affection and gratitude will stay forever)»។
ក្នុងចំណងរវាងឡាវ និងវៀតណាម អ្នកប្រវត្តិសាស្ត្រ និងអ្នកជំនាញក្នុងតំបន់ច្រើនតែប្រៀបធៀបវាជាមួយចំណងរវាងកម្ពុជា និងវៀតណាម។ នេះក៏ព្រោះថា បើធៀបនឹងវៀតណាម ឡាវស្ថិតនៅក្នុងស្ថានភាពមួយស្រដៀងនឹងកម្ពុជាទាំងទំហំ និងចេតនារបស់វៀតណាម។ តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញកត់សម្គាល់ឃើញថា ឡាវពេញចិត្តនឹងទទួលពាក្យទូន្មានរបស់វៀតណាម ដែលចំណុចនេះខុសអំពីកម្ពុជា។ ជាក់ស្ដែង ក្រោយក្រុមកុម្មុយនីសទទួលជោគជ័យរហូតឡើងកាន់អំណាចនៅក្នុងប្រទេសទាំង ៣នេះ វៀតណាមព្យាយាមសម្រេចអោយបាននូវ«ទំនាក់ទំនងពិសេស (Special Relationship)» ជាមួយកម្ពុជា និងឡាវ។ នៅត្រង់ចំណុចនេះ វៀតណាមបានសម្រេចនូវចំណងពិសេសដោយចុះហត្ថលេខាលើ«សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ (Treaty of Friendship and Cooperation)» ជាមួយឡាវនៅឆ្នាំ១៩៧៧ ដែលចេញពីសន្ធិសញ្ញារយៈពេល ២៥ឆ្នាំមួយនេះ វៀតណាមបានដាក់ទ័ពពី ៤-៦ម៉ឺននាក់នៅលើទឹកដីឡាវ ក្នុងបុព្វហេតុការពារសន្តិសុខឡាវ និងវៀតណាម។ ផ្ទុយទៅវិញ ទំនាក់ទំនងរវាងកម្ពុជាក្នុងសម័យខ្មែរក្រហម និងវៀតណាមស្គាល់ភាពរកាំរកូសរហូតដល់វៀតណាមលើកទ័ពប្រហែល ២០ម៉ឺននាក់វាយផ្ដួលរបប ប៉ុល ពត នៅចុងឆ្នាំ១៩៧៨។
ដោយសារតែមានសន្ធិសញ្ញា និងទំនាក់ទំនងពិសេសជាមួយវៀតណាម ឡាវទទួលបានការជ្រោមជ្រែងពីវៀតណាម ក៏ប៉ុន្តែជាថ្នូរមកវិញ ឡាវត្រូវបាត់បង់ឯករាជ្យភាពរបស់ខ្លួន ជាពិសេសនៅលើជំហរនយោបាយការបរទេស។ ជាឧទាហរណ៍ នៅពេលដែលវៀតណាមផ្ដួលរលំរបប ប៉ុល ពត រហូតរងការវាយប្រហារពីចិនដែលជាសម្ព័ន្ធមិត្តរបស់ខ្មែរក្រហមនោះ ឡាវត្រូវជ្រើសយកការថ្កោលទោសចិនទៅតាមខ្សែញាក់របស់វៀតណាម។
ដើម្បីសម្រេចបានលទ្ធផលដូច្នេះ អ្នកជំនាញសង្កេតឃើញថា វៀតណាមជះឥទ្ធិពលនៅឡាវតាមមធ្យោបាយ ២យ៉ាង ទី១ គឺតាមរយៈខ្សែបណ្ដោយបក្សកុម្មុយនីសឡាវ ដែលមានទំនាក់ទំនងជាមួយបក្សកុម្មុយនីសវៀតណាមយូរអង្វែងមកហើយ និងទី២ គឺតាមរយៈខ្សែបណ្ដោយកងទ័ពឡាវ ដែលវៀតណាមបានដាក់ទីប្រឹក្សា គ្រូបណ្ដុះបណ្ដាល និងវត្តមានរបស់កងទ័ពវៀតណាមនៅលើទឹកដីឡាវផ្ទាល់។ បន្ថែមពីលើនេះទៅទៀត រហូតមកដល់ពេលបច្ចុប្បន្ននេះ មន្ត្រីឡាវយ៉ាងច្រើននៅតែបន្តការសិក្សាក្នុងប្រទេសវៀតណាម ខណៈដែលនៅតាមក្រសួងរបស់ឡាវមានវត្តមានទីប្រឹក្សាវៀតណាមស្ទើរគ្រប់ក្រសួង។
សម្រាប់វៀតណាម ឡាវគឺជាប្រទេសអាទិភាពជាងគេបង្អស់ស្ថិតនៅលើកំពូលតារាង ដោយនៅលើទាំងកម្ពុជាផង។ នៅរាល់ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ឡាវទៅកាន់វៀតណាម គេសង្កេតឃើញថា ប្រទេសទាំងពីរតែងតែរំលឹកនូវបទពិសោធឆ្លងកាត់បដិវត្តន៍ ជាពិសេស គឺជំនួយរបស់វៀតណាមក្នុងសម័យសង្គ្រាម។
តែទោះជាយ៉ាងណាក៏ដោយ ស្រដៀងនឹងករណីនៅកម្ពុជាដែរ អ្នកជំនាញសង្កេតឃើញថា ដោយសារតែចិនបានផ្ដល់ជំនួយ ផ្ដល់កម្ចី និងជាប្រភពវិនិយោគធំជាងគេបង្អស់នៅឡាវនោះ ចិនកំពុងតែប្រជែងឥទ្ធិពលជាមួយវៀតណាមនៅឡាវយ៉ាងស្វិតស្វាញ រហូតដល់អ្នកជំនាញខ្លះកត់សម្គាល់ថា ឡាវបានដើរតាមក្រោយកម្ពុជាក្នុងការជ្រើសយកចិនដើម្បីបន្ថយឥទ្ធិពលផ្ដាច់មុខរបស់វៀតណាម។