តោះមកមើលទិដ្ឋភាពខាងលិចប្រាសាទអង្គរវត្តទាំងស្រុងកំពុងតែកែប្រែឱ្យកាន់តែមានសម្រស់ស្រស់ស្អាត

អាជ្ញាធរជាតិអប្សរា៖ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០អំពីការអភិវឌ្ឍនៅបរិវេណខាងលិចប្រាសាទអង្គរវត្តថា៖ ចាប់ពីថ្ងៃនេះទៅ បរិវេណខាងលិចប្រាសាទអង្គរវត្តទាំងស្រុង នឹងប្រែក្លាយរូបរាងទៅជាទិដ្ឋភាពមួយកាន់តែមានសម្រស់ស្រស់ស្អាតជាមួយនឹងភាពបៃតងនៃដើមឈើ វាលស្មៅ និងផ្កាចម្រុះពណ៌។
សូមកុំភ្លេចមកលេងអង្គរវត្ត! មកម្តងនេះ ភ្ញៀវទេសចរពិតជាប្លែកភ្នែកនឹងភាពស្រស់ស្អាតត្រជាក់ចិត្តមិនខាន!»

ពេលនេះក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងតែមមាញឹកនៅក្នុងការរៀបចំសួនច្បារបន្ថែមទៀត ដោយការដាំស្មៅ ដាំកូនឈើ ដាំផ្កាលម្អ រៀបចំផ្លូវដើរ កាត់ស្មៅ និងថែទាំរុក្ខជាតិដែលដាំហើយយ៉ាងសកម្ម។

ក្នុងនោះដែរ យើងក៏បានរៀបចំប្រព័ន្ធរំដោះទឹក រួមទាំងការរៀបចំសណ្តាប់ធ្នាប់ផ្សេងៗកាន់តែប្រសើរជាងមុន ដើម្បីឱ្យបរិវេណខាងលិចប្រាសាទអង្គរវត្តកាន់តែមានរបៀបរៀបរយនិងស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីលម្ហែចិត្ត លម្ហែកាយ និងផ្តិតយករូបភាពដ៏ស្រស់ត្រកាលទាំងនេះទុកជាអនុស្សាវរីយ៍។
សូមបញ្ជាក់ថា ការរៀបចំហេដ្ឋារចនាសម្ពន្ធនិងរៀបចំសួនច្បារនៅខាងលិចប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមពីដើមឆ្នាំ២០២០ ជាមួយនឹងការរុះរើសំណង់តូបលក់ដូរផង៕

អត្ថបទ និងរូបភាព៖ អាជ្ញាធរជាតិអប្សរា