តោះៗត្រៀមកក់កន្លែងស្នាក់នៅហើយរឺនៅ ខេត្តមណ្ឌលគិរីបើកក់មិនទាន់ទេអស់ហើយនៅសល់តែ២០ភាគរយទៀតអស់ហើយសំរាប់ឳកាសឈប់សំរាកខាងមុខនេះ…

មណ្ឌលគិរីៈ ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានអះអាងថា រហូតមដល់ពេលនេះភ្ញៀវទេសចរជាតិ អន្តរជាតិបានកក់បន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារនៅក្នុងខេត្តមណ្ឌលគិរីបានជាង៨០ភាគរយហើយ សម្រាប់ស្នាក់នៅនៅក្នុងឱកាសឈប់សំរាក   រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខនោះ។

លោកងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឱ្យដឹងតាមទូរស័​ព្ទនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ឱ្យដឹងថា នៅក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករ និយោជិក បានឈប់សម្រាក់សងជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីឡើងវិញនេះ អាជីវកម្មលើសេវាកម្មទេសចរណ៍ មានសណ្ឋាគារ ផ្ទះសំណាក់ ភោ​ជនីយដ្ឋាន និងអាហារដ្ឋាន ក្នុងខេត្តមណ្ឌលគិរី បានត្រៀមរួចជាស្រេច ដើម្បីទទួលភ្ញៀវទេសចរណ៍។

លោកស្នើដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីដ្ឋាន រមណីយដ្ឋាន និងប្រតិករទាំងអស់ ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ រលកទី២ ដោយធ្វើយ៉ាងណាឱ្យម្ចាស់សេវាកម្មទាំងអស់ ដំណើរការអាជីវកម្មរបស់ខ្លួនប្រកបដោយសុវត្ថិភាព។

ជាមួយគ្នានេះ លោក ងិន សុវិមាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមឱ្យមានការចូលរួមអនុវត្តទាំងអស់គ្នា ក្នុងការលាងសម្អាតដៃរបស់ខ្លួនឱ្យបានស្អាតជានិច្ច តាមការណែនាំរបសក្រសួងទេសចរណ៍ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងដែរថា នៅក្នុងឱកាសថ្ងៃឈប់សំរាកខាងមុនេះ គឺជាពេលវេលាល្អសម្រាប់ពលរដ្ឋខ្មែរដែលជាអ្នកទេសចរណ៍ ដើរលេងកម្សាន្ត បន្ទាប់ពីខកខានបានចេញដើរដោយសារមានការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩។

លោកស្រីបន្តថា បច្ចុប្បន្ននេះមានតែភ្ញៀវទេសចរនៅក្នុងស្រុកប៉ុណ្ណោះ ដែលអាចចេញធ្វើដំណើរកម្សាន្ត ខណៈភ្ញៀវមកពីខាងក្រៅនៅទូទាំងពិភពលោក ពួកគេមិនអាចធ្វើដំណើរបាននោះទេ ដោយបារម្ភពីការឆ្លងជំងឺប្រភេទថ្មីនេះ ហើយនេះជាសញ្ញាថ្មីនៃការជំរុញទេសចរនៅក្នុងស្រុកដែលធ្វើឱ្យសណ្ឋាគារ និងផ្ទះសំណាក់បើអាជីវកម្មឡើងវិញ។

លោកស្រីបញ្ជាក់ថា “ភ្ញៀវទេសចរនៅក្នុងស្រុកភាគច្រើន បានចេញទៅលេងកម្សា​ន្តនៅភាគឦសាន្តប្រទេស ដូចជា ខេត្តមណ្ឌលគិរី រតនគិរីជាដើម ព្រោះទីនោះជាតំបន់ភ្នំមានទេសភាពស្រស់”។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបង្ហាញថា នៅទូទាំងខេត្តមានសេវាកម្មទេសចរណ៍រួមមាន សណ្ឋាគារ១១កន្លែង ស្មើនឹង៤២៨ បន្ទប់ ផ្ទះសំណាក់ ៤៦កន្លែង ស្មើនឹង៦៧៩បន្ទប់, ម៉ូតែល១កន្លែង ស្មើនឹង៣៩បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន ៤៨កន្លែង ស្មើនឹង ៤២៥តុ និង ២.១២៩កៅអី និងខារ៉ាអូខេ ០៩កន្លែង ស្នើនឹង ៤៥បន្ទប់។

ក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ ដោយឯកជនសរុបមានចំនួន១១ទីតាំង ក្នុងនោះ មាន ទឹកជ្រោះប៊ូស្រា, អូរផ្លាយ, រមនា១, ជ្រៃយស់, ចំការកាហ្វេ និងអូររមីស៕

By: Bonny From: Property area