ត្រាំនឹងបញ្ចូលប្រទេស៧ទៀតក្នុងបញ្ជីហាមឃាត់
សហរដ្ឋអាមេរិក ៖ យោងតាមកាសែតអាមេរិកWALL STREET JOURNALថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ នឹងបញ្ចូលប្រទេសមួយចំំនួនទៀត ទៅក្នុងកម្មវិធីនៃការហាមឃាត់របស់លោក មិនឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។
តាមកាសែតនេះថាប្រទេសដែលគ្រោងបញ្ចូលក្នុងបញ្ជីខ្មៅនោះរបស់ក្រុងវ៉ាស៊ិនតោនមាន នីហ្សេរីយ៉ា បេឡារុស អេរីត្រេ កៀហ្ស៊ីស៊ីស្ថាន មីយ៉ាន់ម៉ា ស៊ូដង់និងតង់ហ្សានី។ លោកត្រាំប្រកាសកាលពីថ្ងៃទី២២មករាថារដ្ឋការរបស់លោកត្រៀមបន្ថែមប្រទេសមួយចំនួនទៀតទៅក្នុងបញ្ជី បណ្ដារដ្ឋដែលជនជាតិពួកគេត្រូវហាមឃាត់មិនឲ្យធ្វើដំណើរ ឬរងការរិតត្បិតនានាសម្រាប់ចូលមកកាន់សហរដ្ឋអាមេរិក។ នាទីក្រុងដាវ៉ូសខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក លោកត្រាំអះអាងថា យើងនឹងបញ្ចូលប្រទេសមួយចំនួនទៀតទៅក្នុងបញ្ជីនេះ។
យើងត្រូវតែស្ថិតក្នុងសន្តិសុខ។ លោកបញ្ជាក់ថា ឈ្មោះប្រទេសទាំងនេះនឹងប្រកាសក្នុងពេលដ៏ឆាប់បំផុត។
នាថ្ងៃទី២២មករាកាសែតអាមេរិកWALL STREET JOURNALរាយការណ៍ថា រដ្ឋការលោកត្រាំគ្រោងបន្ថែមប្រទេស៧នៅអាហ្វ្រិកនិងអាស៊ីទៅក្នុងបញ្ជីនេះ ក្នុងនោះមាននីហ្សេរីយ៉ា ជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅអាហ្វ្រិក។ ប្រទេសក្រៅពីនោះមានបេឡារុស អេរីត្រេ កៀហ្ស៊ីស៊ីស្ថាន មីយ៉ាន់ម៉ា ស៊ូដង់និងតង់ហ្សានី។
ក្រោយពីចូលកាន់អំណាចបន្តិចលោកត្រាំ ប្រកាសពីការហាមឃាត់ ឬការរិតត្បិតក្នុងការចូលមកកាន់សហរដ្ឋអាមេរិក ពិសេសបំផុតបណ្ដាប្រទេសអ៊ិស្លាម។ វិធានការនោះបណ្ដាលឲ្យមានការប្រឆាំងតវ៉ានិងការរិះគន់ដ៏ខ្លាំងនៅអាមេរិក ក៏ដូចជាក្នុងផ្ទៃសហគមន៍អន្តរជាតិ៕
ប្រភព៖ https://kohsantepheapdaily.com.kh/